ដោយៈ សុខុម
កូត្យូ: ប្រទេសជប៉ុន បានកំណត់គោលដៅរកប្រាក់ចំណូលឱ្យបានរហូតដល់ទៅ៣៤ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះពីភ្ញៀវទេសចរក្នុងឆ្នាំសារពើពន្ធបន្ទាប់។ នេះបើយោងតាមសេចក្តីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចបានបង្ហាញកាលពីថ្ងៃអង្គារ ទី១៨ ខែតុលា។
ការកំណត់គោលដៅរកប្រាក់ចំណូលនេះធ្វើឡើង ខណៈក្រុមអ្នកបង្កើតគោលនយោបាយសង្ឃឹម ប្រើប្រាស់រូបិយប័ណ្ណយ៉េន ដែលចុះថោកខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។
ប្រទេសជប៉ុន បានបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ នៅតាមព្រំដែនក្នុងខែនេះ ហើយគេមើលឃើញថាវាជាជំហានដ៏សំខាន់មួយ នៅក្នុងការជំរុញការងើបឡើងវិញ នៃវិស័យទេសចរណ៍របស់ប្រទេស ដែលចង់ទាញយកអត្ថប្រយោជន៍ពីប្រាក់យ៉េន ដែលចុះថោកដល់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣២ឆ្នាំមកនេះ។
ក្រុមអ្នកបង្កើតគោលនយោបាយជប៉ុន នៅតែមានការលាក់លាមនូវទំហំកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច ទោះបីជាសមាជិកសភាមួយចំនួនបានប៉ាន់ស្មានថា កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច អាចមានទំហំ២០០ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះយ៉ាងណាក្ដី។
ប្រទេសជប៉ុន ចាំបាច់ត្រូវធ្វើឱ្យមានតុល្យភាព ដោយប្រុងប្រយ័ត្នរវាងការចំណាយរបស់ខ្លួន ក្នុងពេលដ៏ខ្លីខាងមុខ ខណៈបន្តគ្រប់គ្រងបំណុលសាធារណៈ ដែលច្រើនជាងទ្វេរដង បើធៀបនឹងទំហំសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់រយៈពេលវែង។
បណ្ដាវិនិយោគិន នឹងពិនិត្យលើទំហំនៃកញ្ចប់ថវិកា និងបំណុលរបស់ រដ្ឋាភិបាល ដើម្បីផ្ដល់ហិរញ្ញប្បទាន សម្រាប់កញ្ចប់ថវិកាខាងលើនេះ ជាពិសេសបន្ទាប់ពីប្រទេសអង់គ្លេស បានធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដោយប្រតិកម្មរបស់ទីផ្សារ ចំពោះផែនការកាត់បន្ថយពន្ធយ៉ាងច្រើនសន្ធាប់។
ផ្អែកតាមសេចក្តីព្រាងច្បាប់ខាងលើនេះបង្ហាញថា រដ្ឋាភិបាលជប៉ុន ក៏នឹងបង្កើតផែនការថ្មីមួយផងដែរ នៅចុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ក្នុងខែមីនា ដើម្បីផ្សព្វផ្សាយលើកកម្ពស់ប្រទេសជប៉ុន ជាគោលដៅទេសចរណ៍៕ Japan Times៕