កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលកសិកម្មជាង២,២២ពាន់លានដុល្លារអាមេរិក

ដោយៈ លក្ខិណា

       ភ្នំពេញៈ គិតចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ២០២២នេះការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់សរុបប្រមាណ២,២២ពាន់លានដុល្លារអាមេរិក កើនឡើង៥,៨ភាគរយ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមរបាយការ​ណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមា​ណ១២២,៣លានដុល្លារអាមេរិក ក្នុងនោះដែរការនាំចេញស្រូវមានទឹកប្រាក់ប្រមាណ៥០៣,៦លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការថយចុះប្រមាណ៩១,២លានដុល្លារ ឬ១៥,៣ភាគរយ ។ ចំណែកការនាំចេញអង្ករ ក្នុងរយៈពេល៩ខែមានទឹកប្រាក់២៩១,៥លានដុល្លារអាមេរិក កើនឡើងប្រមាណ៥,១លានដុល្លារឬ១,៨ភាគរយ ។

របាយការណ៍បង្ហាញទៀតថា ក្នុងរយៈពេល៩ខែនេះ ការនាំចេញកៅស៊ូ មានទឹកប្រាក់២៧២,៨លានដុល្លារអាមេរិក កើនឡើង២,៦ភាគរយ និងកសិផលផ្សេងៗទៀត មានតម្លៃ១,១៦ពាន់លានដុល្លារអាមេរិក កើនឡើង២១ភាគរយឬ២០១,៥លានដុល្លារអាមេរិក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទីផ្សារធំៗ២ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលកិច្ចព្រមព្រងទាំងពីរនេះ មានទីផ្សារធំអាចឱ្យកម្ពុជាបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសដៃគូទាំងនោះ។

ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា កូរ៉េខាងត្បូងក៏នឹងចូលជាធរមានក្នុងពេលឆាប់ៗនេះដែរ ហើយនៅពេលនោះកម្ពុជា នឹងមានទីផ្សារកាន់តែទូលទំលាយ សម្រាប់ការនាំទំនិញរបស់ខ្លួន ចេញទៅក្រៅប្រទេសជាពិសេសកសិផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here