ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO នឹងបន្តកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ផលិតផលជលផល មានគុណភាព និងសុវត្ថិភាព របស់កម្ពុជា និងអាចនាំមកពីផ្សារអឺរ៉ុប នាពេលអនាគត។
លោក វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Ali Badarneh នាយកផ្នែកសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធស្បៀងអាហារនៃអង្គការ UNIDO បានពិភាក្សាលើគម្រោងពង្រឹងគុណភាព និងសុវត្ថិភាពផលិតផលជលផលនេះ នៅក្នុងជំនួបមួយ កាលពីថ្ងៃទី៤ ខែតុលា នាទីក្រុងវីយ៉ែន ប្រទេសអូទ្រីស (Austria)។
លោករដ្ឋមន្ដ្រី បានស្នើដល់អង្គការ UNIDO ពិនិត្យលទ្ធភាពជួយគាំទ្រ និងសហការលើការអភិវឌ្ឍអាជីវកម្មកសិកម្ម កសាងសមត្ថភាពលើផ្នែកសុវត្ថិភាពអាហារ ការគាំទ្រដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពសេវាមន្ទីរពិសោធន៍ និងវិញ្ញាបនប័ត្រគាំទ្រ។
លោក Ali Badarneh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីទាំងពីរ ឈានទៅសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។ លក្ខណៈពិសេសនៃគម្រោង CAP FISH នេះគឺផ្តោតសំខាន់ទៅលើសុវត្ថិភាពនៃផលិតផលជលផល និងការគាំទ្រដល់ផ្នែកហិរញ្ញប្បទានដល់កសិករលើការកែច្នៃ វេចខ្ចប់ ប្រកបដោយគុណភាពនិងសុវត្ថិភាព។
លោកបន្តថា អង្គការ UNIDO ពិតជារីករាយក្នុងការពង្រីកគម្រោងនេះថែមមួយកម្រឹតទៀត ដោយបានចាប់ផ្តើមជជែកការងារលម្អិតជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ដទៃទៀតផងដែរ។
លោក Ali Badarneh សង្ឃឹមថា ផលិតផលជលផលប្រកបដោយគុណភាព និងសុវត្ថិភាពរបស់កម្ពុជានឹងអាចនាំមកពីផ្សារអឺរ៉ុបនាពេលអនាគត។ ចំពោះសំណើររបស់លោករដ្ឋមន្ត្រី អង្គការ UNIDO នឹងជជែកលម្អិតជាមួយមន្ត្រីជំនាញនៃរដ្ឋបាលជលផលក្នុងកិច្ចប្រជុំផ្នែកបច្ចេកទេសនារសៀលនេះ៕