រដ្ឋាភិបាលកម្ពុជាគ្រោងនាំចេញសត្វជាច្រើនប្រភេទទៅកាន់ប្រទេសចិននាពេលខាងមុខ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន រដ្ឋាភិបាលកម្ពុជា គ្រោងនាំចេញសត្វមួយចំនួន ទៅកាន់ប្រទេសចិននាពេលខាងមុខនេះ។

​សត្វ​ចិញ្ចឹមដែលគ្រោងនាំចេញទៅកាន់ប្រទេសចិនរួមមាន ដូចជា គោ មាន់ ជ្រូក និង​ផលិតផល​សត្វ​មួយចំនួន​ទៀត​ទៅ​ប្រទេស​ចិន ដើម្បី​កុំឱ្យ​មាន​ការកកស្ទះ​នៅក្នុង​ស្រុក​។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពីសប្តាហ៍មុន បាន​ចេញ​លិខិត​អំពាវនាវ​ដល់​អ្នក​វិនិយោគ​ក្នុង​វិស័យ​ចិញ្ចឹមសត្វ និង​ផលិតផល​សត្វ ដែល​មាន​បំណង​នាំចេញ​សត្វ និង​ផលិតផល​សត្វ​ដូចជា ជ្រូក​រស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែក​គោ ស្បែក​ជ្រូក និង​ផលិតផល​ផ្សេងទៀត អាច​ដាក់​ពាក្យ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​បញ្ជាក់​ពី​ប្រភេទ​សត្វ និង​ផលិតផល​សត្វ​ឱ្យ​បាន​ច្បាស់លាស់ ​ទៅតាម​ប្រភេទ​នីមួ​យៗ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី​ជំរុញ​ការនាំចេញ​នៅ​ពេល​អនាគត​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា ការដាក់​ពាក្យ​ស្នើសុំ​នេះ ដើម្បី ​ឱ្យ​អគ្គនាយកដ្ឋាន​មាន​លទ្ធភាព ​រៀបចំ​បែបបទ​ពាក់ព័ន្ធ​ផ្សេងៗ​សុំ​ការអនុ​ញ្ញាត​ពី​ភាគី​ចិន ដើម្បី​ចុះមក​ត្រួតពិនិត្យ និង​វាយតម្លៃ​ហានិភ័យ និង​ឈាន​ទៅរក​ការរៀបចំ​ពិធីសារ​អនាម័យ និង​កិច្ចព្រមព្រៀង​ក្នុង​ការនាំចេញ​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោកស្រុន ពៅ​បាន​មាន​ប្រ​សាសន៍​ឲ្យដឹងនៅសប្តាហ៍នេះថា សមាគម​មាន​ការត្រេកអរ​យ៉ាង​ក្រៃលែង ដែល​ក្រសួង​កសិកម្ម​ បាន​ខិតខំ​ជួយ​រក​ទីផ្សារ​ សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស ស្រប​ពេល​ការផ្គត់ផ្គង់​សាច់​នៅ​កម្ពុជា​ មាន​លក្ខណៈ​គ្រប់គ្រាន់ ទាំង​សាច់មាន់ និង​សាច់ជ្រូក​។

លោក​ថ្លែង​ថា “​ការកកស្ទះ​សត្វ​ចិញ្ចឹម​នៅ​កម្ពុជា ​មាន​សម្ទុះ​កើនឡើង ដូច្នេះ​ក្រសួង​កសិកម្ម ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់ ដើម្បី​រក​ទីផ្សារ​ជូន​កសិករ”​។លោកបន្តថា “ក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំ​ការផ្គត់ផ្គង់​សត្វ មិន​មាន​ការខ្វះខាត​នោះទេ​ រហូត​ដល់​លើសសល់​មកដល់​សព្វថ្ងៃនេះ​។ ដូច្នេះ​បាន​ក្រសួង​រក​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ នោះ​នឹង​ជួយ​ផ្តល់​ការងារ​ដល់​កសិករ​យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here