ក្រុមហ៊ុនជប៉ុនធំមួយគ្រោងនាំចេញផលិតផលកសិកម្មពីកម្ពុជា

ដោយៈ វិវត្តន៍

       ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុនមួយឈ្មោះ FIS Co.,Ltd មាន​បំណង​នាំចូល​ផលិតផល​កសិកម្ម​សក្តានុពល​ពី​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​ចែកចាយ​លក់​នៅ​ទីផ្សារ​ជប៉ុន ស្របពេល​ផលិតផល​គ្រាប់​ស្វាយចន្ទី ​កំពុង​ទទួល​បាន​ការពេញនិយម​ពី​សំណាក់​អតិថិជន​ក្នុង​ទីផ្សារ​ដ៏ធំ​របស់​អាស៊ី​។

ការបង្ហាញ​ពី​គម្រោង​នាំចូល​ផលិតផល​កសិកម្ម​ ពី​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​នេះ​ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក ទុយ រី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ជាមួយ​នឹង​លោក Miyamoto Hidemasa និង​លោក Koshi Li តំណាង​ក្រុមហ៊ុន FIS Co., Ltd នៅ​ស្ថានទូត​កម្ពុជា​កាលពីដើមខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ទុយ រី បាន​លើកឡើង​អំពី​ផលិតផល​សក្តានុពល ​នាំចេញ​របស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប​ធ្វើ​ដំណើរ កង់ គ្រឿង​បង្គុំ​អេឡិចត្រូនិក អង្ករ ដំឡូងមី ស្វាយចន្ទី ចេក ម្រេច ស្វាយ និង​កសិផល​ដទៃទៀត ដែលជា​ទំនិញ​អាចមាន​ទីផ្សារ​នៅ​ជប៉ុន​។ ក្រៅ​អំពី​ការនាំចេញ កម្ពុជា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ទីផ្សារ​បើកចំហ​មាន​ទំនិញ​នាំចូល​ពី​បរទេស​ច្រើន​ប្រភេទ​តាម​តម្រូវការ​។

លោក​បានឲ្យដឹងថា “​កម្ពុជា​ស្វាគមន៍​ការវិនិយោគ​ជប៉ុន ​បន្ថែម​ទៀត ការវិនិយោគ​របស់​ជប៉ុន ​នៅ​កម្ពុជា​កំពុង​មាន​កំណើន​ជា​លំដាប់ ដែល​មកដល់​ពេលនេះ​គិត​ជា​សរុប​មាន១៤៩​គម្រោង និង​គិត​ជា​ប្រាក់​ជិត៣០០០ លាន​ដុល្លារអាមេរិក”​។

តំណាង​របស់​ក្រុមហ៊ុនFIS​ទាំង​២ ​ក៏បាន​រួម​ដំណើរ​ចុះទៅពិនិត្យ​សា​កសួរ​ព័ត៌មាន​បន្ថែម ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ក្រុង Atsugi ដោយបាន​ចាប់អារម្មណ៍​លើSample ពី​ផលិតផល​កម្ពុជា​ដែល​មាន​សក្តានុពល​មួយចំនួន​។

នៅក្នុង​ដំណើរ​ចុះ​ទស្សនា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ក្រុង Atsugi ក៏មាន​ការចូលរួម​ស្វែងយល់​ផងដែរ ​ពី​សំណាក់​ក្រុមហ៊ុន​ខ្មែរ​រួមមាន Mony Trading Co.,Ltd (​ខេត្ត អូសាកា​) និង M7 Supermarket (​ខេត្ត​ហ្គឹម៉ា​) ដែល​កំពុង​ដំណើរការ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល និង​បើក​ផ្សារម៉ាត​លក់រាយ​នៅ​ជប៉ុន ហើយ​ពួកគេ​បាន​ចាប់អារម្មណ៍ ​លើ​ការសម្រប​សម្រួល និង​លទ្ធភាព​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ Atsugi ចំពោះ​ការនាំចូល​ផលិតផល​ខ្មែរ​ទៅ​ចែកចាយ​នៅ​ជប៉ុន​នា​ថ្ងៃ​ខាងមុខ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here