ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អគ្គរដ្ឋបាលគយចិន ទើបបានអនុម័តទទួលស្គាល់ជាផ្លូវការ អនុញ្ញាតឲ្យចំការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ អាចការកែច្នៃ និងនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនបានដោយផ្ទាល់។
ការអនុម័តទទួលស្គាល់ជាផ្លូវការ របស់អគ្គរដ្ឋបាលគយចិន ធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីមន្ត្រីជំនាញរបស់ខ្លួន បានដំណើរការត្រួតពិនិត្យចំការមៀន និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់ សមាសភាពចង្រៃលើផ្លែមៀន តាមរយៈប្រព័ន្ធវីឌីអូ នាពេលថ្មីៗនេះ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹងថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន អនុម័តជាផ្លូវការរួចហើយ ឲ្យចំការមៀន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ កែច្នៃ និងការនាំចេញផ្លែមៀនស្រស់ ទៅកាន់ប្រទេសចិនបាន។
លោកបន្តថា ចំពោះការនាំចេញផ្លែមៀនស្រស់ ទៅកាន់ប្រទេសចិន នឹងប្រព្រឹត្តិឡើងយ៉ាងជាក់លាក់ នាពេលឆាប់ៗខាងមុខ ដោយមិនមានលក្ខខណ្ឌតម្រូវផ្សេងៗទៀតនោះឡើយ។លោកបានបន្ដថា ចំពោះការនាំចេញផ្លែមៀនលើកដំបូងនេះ អាចនឹងប្រព្រឹត្តឡើងនៅខែតុលា ឆ្នាំ២០២២ ដែលជារដូវប្រមូលផលពេញលេញ និងគ្រប់គ្រាន់ក្នុងការនាំចេញ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានមាប្រសាសន៍ថា កសិករដាំមៀនបានត្រៀមខ្លួនរួចរាល់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន ខណៈខេត្តប៉ៃលិន អាចមានមៀនគ្រប់គ្រាន់ សម្រាប់ការនាំចេញទៅកាន់ចិន ក្នុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ ហើយបរិមាណនាំចេញលើកដំបូងចំនួន១ពាន់តោន។
ផ្លែមៀនដែលដាំដុះ សម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយគយចិន ហើយគ្រប់ចំការមៀន ដែលបានចុះបញ្ជីត្រូវអនុវត្តន៍ ការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀន ត្រូវមានប្រវែងមិនលើសពី១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្ម កម្ចាត់សមាសភាពចង្រៃ ដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យ៕