កម្ពុជាគ្រោងតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីទីក្រុងហុងកុងមកខេត្តព្រះសីហនុ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ អះអាងថា កម្ពុជាកំពុងគិតគូរតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ពីទីក្រុងហុងកុង មកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ប្រវែងជាង២.៧០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាមានគុណភាព និងតម្លៃថោកជាងមុន។

ការអះអាងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លង មករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បា​នឱ្យដឹងថា ប្រទេសកម្ពុជាមានបណ្ដាញខ្សែកាប ក្រោមបាតសមុទ្រប្រហែ​ល៦៤០គីឡូម៉ែត្រ ហើយក្រសួងកំពុងតែគិតគូរ តភ្ជាប់បន្ថែមពីហុងកុង ប្រវែង២.៧០០គីឡូម៉ែត្របន្ថែមទៀត។

លោកបន្តថា នៅក្នុងខែតុលា ឆ្នាំ២០២២នេះ ក្រសួងនឹងចាប់ផ្ដើមគម្រោងបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែងសរុប២.៧១៥គីឡូម៉ែត្រ ដោយរំពឹងថានាឆ្នាំ២០២៤ គម្រោងតបណ្តាញនេះនឹងបញ្ចប់។

លោកជា វ៉ាន់ដេត បញ្ជាក់ថា “យើងសង្ឃឹមថាឆ្នាំ២០២៤នឹងចប់ មកដល់ស្រុកខ្មែរ! នៅពេលនោះ សមត្ថភាពអ៊ីនធឺណិតរបស់យើងគឺធំ ដែលយើង លែងព្រួយអំពីសមត្ថភាពអ៊ីនធឺណិតចូល ហើយយើងក៏នឹងទទួលបានសេវាអ៊ីនធឺណិតថោកជាងបច្ចុប្បន្ន”។

បើតាមរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍រូបនេះ កម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ប្រមាណ១៩,៥០លាន ក្នុងចំណោមនោះ អ្នកប្រើប្រាស់ប្រមាណ១៣លាននាក់ ចំណែកអ្នកប្រើសេវាអ៊ីនធឺណិតមានប្រមា​ណ១៧លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here