វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​បាត់ដំបង​ចាប់ផ្តើម​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ

ដោយ៖ ម៉ា​ណេ​ត

បាត់ដំបងៈ វិស័យ​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង ពិសេស​នៅក្នុង​ក្រុង​បាត់ដំបង ចាប់ផ្តើម​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ ខណៈ​អ្នកវិនិយោគ​ចាប់ផ្តើម ទៅ​វិនិយោគ​នៅ​ទីក្រុង​បាត់ដំបងបណ្តើរៗនាពេល​បច្ចុប្បន្ននេះ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា  បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ទី១ ខែតុលា ឆ្នាំ២០២០កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង ចាប់ផ្តើម​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ ហើយ​ទីក្រុង​នេះ​ទទួលបាន​ការវិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​ជាបណ្តើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​លើកឡើងថា“ខេត្តបាត់ដំបង​ជាមួយ​ខេត្ត​មួយ ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្តផ្សេងៗដូចជា ខេត្តកោះកុង និង​ខេត្តសៀមរាប ហើយ​ខេត្ត​ជា​ខេត្ត ដែល​សម្បូរ​ដោយ​ប្រជាជនមាន​ជីវភាព​ធូរធា ដូច្នេះ​ការប្រកប​របរ​មួយចំនួន​ក៏មាន​ភាព​ធូរ​ដែរ” ។

លោក​បាន​ថ្លែងថា វិស័យ​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង ចាប់ផ្តើម​រីកចម្រើន​នៅក្នុង​តំបន់​នេះដែរ ជាពិសេស​តំបន់​នៅ​ជាយក្រុង​បាត់ដំបង​តែម្តង ហើយ​អ្នក​វិនិយោគិន​មួយចំនួន​ចាប់ផ្តើម​វិនិយោគ​នៅក្នុង​ខេត្ត។ លោក​បន្តថា “ផ្ទះល្វែង​នៅ​កៀក​ទីក្រុង​បាត់ដំបង​អាច​តម្លៃ​ចន្លោះ​ពី៧ ទៅ៨ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ផ្ទះល្វែង ក្នុង​ក្រុង​អាចមាន​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ ហើយ​វា​នៅ​ជាត​ម្លៃ​សមរម្យ។

លោក​ច្រឹ​ក សុខ​នី​ម បានឱ្យដឹង​ទៀតថា “អ្នកវិនិយោគ​ចាប់ផ្តើម​ទៅ​វិនិយោគ​នៅ​ទីក្រុង​បាត់ដំបងបណ្តើរៗនាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​គ្រាន់​ល្បឿន​នៃ​ការវិនិយោគ​មិនទាន់​លឿន ហើយ​វិនិយោគិន​ភាគច្រើន​ជា​អ្នក​មក​ក្នុងស្រុក” ។

អភិបាលខេត្ត​បាត់ដំបង​លោក​ងួន រតនៈ​បានឱ្យដឹង​កន្លងមកនេះ​ថា ខេត្តបាត់ដំបង​កាលពី​កន្លងមកនេះ បាន​ទាក់ទាញ​ចំពោះ​ការធ្វើ​អាជីវកម្ម និង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​មាន​គម្រោង​មួយចំនួន​បាន​អនុវត្តន៍ បំពាន​លើ​ច្បាប់​ដែនដី ដូចជា ការចាក់ដី​លុប​ស្ទឹង លុប​ប្រឡាយ​របស់​រដ្ឋ​ជាដើម ដើម្បី​ទទួលបាន​ផលប្រយោជន៍​ខ្ពស់ ដែល​សកម្មភាព​នេះ​ត្រូវតែ​ជៀសវាង​ជាដាច់ខាត។

លោក​បញ្ជាក់ថា “អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ មុននឹង​ចង់​វិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន ត្រូវ​សិក្សា​ស្វែងយល់​ពី​តំបន់នីមួយៗ ឱ្យបាន​ច្បាស់លាស់ មុននឹង​ដាក់ទុន​វិនិយោគ ជៀសវាង​មាន​ផលប៉ះពាល់” ។

លោក​បាន​បន្តថា អាជ្ញាធរខេត្ត​នឹង​ផ្ដល់​លទ្ធភាព លើកទឹកចិត្ត ឱ្យមាន​ការវិនិយោគ​ផ្នែក​អចលនា​ទ្រព្យ​ក្នុង​ខេត្ត តាមរយៈ​ការផ្ដល់​ឯកសារ​រដ្ឋបាល ដោយមាន​គណនេយ្យភាព តម្លាភាព លឿន​រហ័ស ប៉ុន្តែ​ខាង​ម្ចាស់​អាជីវកម្ម ក៏ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ បណ្ដាញ​អគ្គិសនី ទឹក និង​ផ្លូវ​ជាដើម ដោយ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ផ្នែក​ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here