កម្ពុជា-នីហ្សេរីយ៉ាគ្រោងបង្កើនទំហំពាណិជ្ជកម្មកាន់តែច្រើនជាងមុន

ដោយៈ លក្ខិណា

ភ្នំពេញៈ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងនីហ្សេរីយ៉ា នៅមានកម្រិតតិចតួចនៅឡើយ ហើយប្រទេសទាំងពីរក៏បានប្ដេជ្ញាជាមួយគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែម ដោយនឹងចាប់ផ្ដើមអនុវត្តន៍ នូវកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យមួយចំនួន។

យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថាទំហំពាណិ​ជ្ជកម្មរវាងកម្ពុជា និងនីហ្សេរីយ៉ារយៈពេល៣ឆ្នាំកន្លងមកនេះ មានតែជាង២លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានជាង១លានដុល្លារអាមេរិក ដោយកម្ពុជានាំចេញទៅនីហ្សេរីយ៉ា មានទឹកប្រាក់ជិត៦០ម៉ឺនដុល្លារអាមេរិក និងនាំចូលមកវិញនូវទឹកប្រាក់ជាង៥៣ម៉ឺនដុល្លារអាមេរិក ។

ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទឹកប្រាក់ជាង៧៤ម៉ឺនដុល្លារអាមេរិក ឆ្នាំ២០២០មានទឹកប្រាក់ចំនួនជិត៥០ម៉ឺនដុល្លារ ឆ្នាំ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មសម្រេចត្រឹម៥១ម៉ឺនដុល្លារអាមេរិក​ប៉ុណ្ណោះ ។ ដោយឡែករយៈពេល៦ខែដើមឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ សម្រេចបានជាង៣០ម៉ឺនដុល្លារអាមេរិក កើនឡើង២ភាគរយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបរវាងលោកឳក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាប្រចាំកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះនីហ្សេរីយ៉ាកំពុងប្រឈមមុខ នឹងកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលបណ្តាលមកពីវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងស្នើភាគីទំាងពីរធ្វើការជិតស្និទ្ធ ជាមួយគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរឡើង ជាពិសេ​សលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

លោកឳក ប៊ុងក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា  ទំហំពាណិជ្ជកម្មរវាងកម្ពុជា-នីហ្សេរីយ៉ា នៅមានទំហំតិចតួចនៅឡើយ ដែលមានឱកាសដើម្បីជំរុញ និងពង្រីកពាណិជ្ជកម្មទ្វេភាគីបន្ថែម នាពេលខាងមុខ តាមរយៈការបង្កើនការដោះដូរមុខទំនិញសំខាន់ៗ និងការវិនិយោគលើវិស័យសក្តានុពលរវាងភាគីទាំងពីរ។

លោកបានលើកឡើងថា កម្ពុជាស្វាគមន៍រាល់វិនិយោគិន និងធុរជនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជា រួមទាំងវិនិយោគិននីហ្សេរីយ៉ាផងដែរ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មាននីតិវិធីងាយស្រួល ដែលបម្រើដល់សកម្មភាពធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

លោកក៏បានធ្វើបទបង្ហាញសង្ខេបស្តីពី វឌ្ឍនភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ជូនលោកស្រីឯកអគ្គរដ្ឋទូត។ តាមរយៈបទបង្ហាញនេះ លោកស្រីឯកអគ្គរដ្ឋទូត មានចំណាប់អារម្មណ៍ទាក់ទងការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេសកសិកម្ម និងវិនិយោគ និងបានស្នើភាគីទាំងពីរ ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ តាមរយៈការពិនិត្យលទ្ធភាពវិនិយោគរួមគ្នា លើវិស័យអាទិភាព ដើម្បីបម្រើសេចក្តីត្រូវការទៅវិញទៅមក និងការដោះដូរពាណិជ្ជកម្មទ្វេភាគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here