ដំណឹងល្អ! ក្រុមហ៊ុនចិនមួយបញ្ជាទិញមៀនប៉ៃលិន និងពោតក្រហមដោយផ្ទាល់ពីប្រជាកសិករក្នុងខេត្តចំនួន៤

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត កាលពីនេះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ និងបញ្ជាទិញកសិផលពោតក្រហមពីប្រជាកសិករខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ។

តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិនទាំង៤ខេត្តរួចមក ក្រុមហ៊ុនចិនខាងលើ បានចុះកិច្ចសន្យាទិញមៀនប៉ៃលិនក្នុងតម្លៃជាក់លាក់ពីចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀល/គក្រ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនក៏បញ្ជាទិញកសិផលពោតក្រហម ក្នុងតម្លៃតម្លៃ ៦៣៦,៦៤រៀល/គក្រ សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧,៨១រៀល/គ្រក សម្រាប់ពោតស្នូលសំណើម២៩%។

ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់ការកែច្នៃ ជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ បច្ចុប្បន្ន ផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណ១៤៥,៩៨៣ហិកតា នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាលជាដើម និងមានទីផ្សារទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង។

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យរំហូរកសិផលពោតក្រហម និងសិក្សាពីលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារសម្រាប់ខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ពោតក្រហម និងមៀនប៉ៃលិន នៅតាមបណ្តាលខេត្តជាប់ព្រំដែនថៃ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន រួមមាន៖

១-ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យលទ្ធភាពចុះផ្សព្វផ្សាយដល់កសិករអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ការស្នើសុំភូតគាមអនាម័យ (SPS) និងនីតិវិធីនៃការនាំចេញ ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

២-ស្នើសុំការសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្របសម្រួល និងពន្លឿននូវការចេញលិខិតស្នើសុំការបញ្ជាក់ភូត្តគាមអនាម័យដល់ក្រុមហ៊ុននាំចេញ និងសៃឡូបញ្ជាទិញពោតក្រហម និងមៀនប៉ៃលិន។

៣-ស្នើសុំក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពធ្វើសុខដុមនីយកម្មលើរថយន្តដឹកទំនិញរបស់ឈ្មួញទិញពោតក្រហមឲ្យស្របទៅតាមស្តង់ដាកំណត់របស់ភាគីថៃ នៅក្នុងរដូវប្រមូលផលពោតក្រហមក្នុងចន្លោះ ខែកក្កដានិងខែសីហា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនឬឈ្មួញនាំចេញទៅកាន់ប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here