សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីត្រៀមស្នើសុំអនុម័តពីគណៈរដ្ឋមន្ត្រី

ដោយ៖ សុផារី

ភ្នំពេញ៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានឯកភាព និងបញ្ចប់ការពិនិត្យទាំងស្រុង និងត្រៀមនីតិវិធីបន្តដាក់ចូលកិច្ចប្រជុំអន្តរក្រសួង មុនស្នើសុំដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខនេះ។

នេះបើយោងតាមលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបច្ចេកទេសពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំបច្ចេកទេសពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី មានការចូលរួមពីលោក នរ៉ាណាប្ញទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង លោក លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ រាជ រ៉ា បញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើមី្បពិនិត្យ និងពិភាក្សាកែតម្រូវលើខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី មុនស្នើដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

លោកបានឱ្យដឹងថា ជាលទ្ធផល កិច្ចប្រជុំបានឯកភាព និងបញ្ចប់ការពិនិត្យទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងត្រៀមនីតិវិធីបន្តដាក់ចូលកិច្ចប្រជុំអន្តរក្រសួង មុនស្នើសុំដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខនេះ។

លោកបន្ថែមថា អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម ហើយបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងរៀបចំគោលនយោបាយថ្មីៗបន្តទៀត ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា សំដៅរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here