ដោយៈ សហការី
ភ្នំពេញៈ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សាជីវកម្មធានាឥតទានកម្ពុជា (CGCC) បានផ្តល់ធានាឥណទាន ដល់ ៤៤៨ក្រុមហ៊ុនអាជីវកម្ម ដែលគិតជាប្រាក់ ៤៥,៥លានដុល្លារ។
សេវាធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅ គាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ។
បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយCGCC។
នេះបើតាមការចេញផ្សាយ របស់សាជីវកម្មធានាឥណទានកម្ពុជា នៅថ្ងៃទី ខែមិថុនា ឆ្នាំ២០២២នេះ។
ការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យ ដែលPFIsប្រើប្រាស់ដើម្បីវាយតម្លៃលើសំណើសុំឥណទាន អាចជួយឱ្យក្រុមហ៊ុនអាជីវកម្ម ត្រៀមខ្លួនបានល្អប្រសើរជាមុន ក្នុងការទទួលបានកម្ចីដែលមានការធានាពីCGCC។
លោកណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា លើកឡើងថា “ការបង្រួមគម្លាតតម្រូវការ និងការផ្គត់ផ្គង់ឥណទានដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងបេសកកម្មរបស់សាជីវកម្ម ធានាឥណទានកម្ពុជាសម្រាប់ផ្តល់ការធានាឥណទាន លើកម្ចីដល់អាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ”។
កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញ ប្បទាន (CFGS) ត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់កម្ចី ដែលបញ្ចេញ ក្រោមគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
គម្រោងធានាឥណទាន សម្រាប់សហហិរញ្ញប្បទាននេះ ជួយគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការផ្តល់កម្ចីដែលខ្វះទ្រព្យបញ្ចាំ ទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម៕