ដោយ៖ សុផារី
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២នេះ កម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ានឆ្លាស់វេនជាលើកទី៣ ចាប់តាំងពីក្លាយជាសមាជិកពេញសិទ្ធិឆ្នាំ១៩៩៩មក។ ប្រទេសកម្ពុជា បានកំណត់យកគោលដៅយុទ្ធសាស្ត្រចំនួន៤ នៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអាស៊ាន។
ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាបានកំណត់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៩ ក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤ រួមមាន ទី១ លើកកម្ពស់ដល់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី២ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍ សំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន ទី៣ អាស៊ានដែលប្រកប ដោយសមាហរណកម្ម បរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និង ទី៤ សាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។
ក្នុងសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងអាស៊ាន និងគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាបានចូលរួមចំណែកក្នុងពេល ដែលកម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ានឆ្លាស់វេនចំនួន៣លើកកន្លងមក ចាប់តាំងពីក្លាយសមាជិកពេញសិទិ្ធអាស៊ានក្នុងឆ្នាំ១៩៩៩។
លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញនូវកាតព្វកិច្ច និងការចូលរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការធ្វើកំណែទម្រង់ច្បាប់និងស្ថាប័ន ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការលើកកម្ពស់តួនាទីអាស៊ានក្នុងសកលលោក៕