ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យដំណើរការសន្ធានកម្មរវាង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន FMIS និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( MEF ) បានប្រកាសដាក់ឱ្យដំណើរការសន្ធានកម្មជាផ្លូវការរវាងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS ) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ ដែលជាការសម្រេចបាននូវការងារទំនើបកម្ម និងស្វ័យប្រវត្តិកម្មនៃការចែករំលែកទិន្នន័យចំណូលពន្ធដារ ទៅវិញទៅមករវាងប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ និងប្រព័ន្ធ FMIS ។

ប្រព័ន្ធនេះ មានមុខងារចំនួនពីរគឺ ៖ ១.ការបញ្ជូនទិន្នន័យចំណូលថវិកាចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារទៅប្រព័ន្ធ FMIS ជំនួសឱ្យការ ចេញក្រដាសសលាកបត្របង់ប្រាក់ចូលថវិកាជាតិ និងថ្នាក់ក្រោមជាតិ ដែលពីមុនត្រូវការពេលវេលា យូរ, ប្រើប្រាស់ក្រដាសស្នាម និងនីតិវិធីស្មុគ្រស្មាញជាច្រើន និងទី២.ការបញ្ជូនទិន្នន័យចំណូល ពន្ធដារដែលបានកាត់ទុកដោយអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត ចេញពី ប្រព័ន្ធ FMIS ទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារដោយបែងចែកយ៉ាងលម្អិតច្បាស់លាស់ទៅតាម ប្រភេទពន្ធ និងអាករនានា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រហូតមកដល់ពេល នេះអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវការងារទំនើបកម្មជាបន្តបន្ទាប់នានាក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងចំណូលពន្ធដារ និងអាករនានា និងជាពិសេសប្រព័ន្ធផ្ដល់សេវាផ្សេងៗជូនអ្នកជាប់ពន្ធជាមួយនឹងការខិតខំប្រឹងប្រែងធ្វើសន្ធានកម្មទៅកាន់ប្រព័ន្ធនានារបស់រាជរដ្ឋាភិបាលរួមមាន៖ ប្រព័ន្ធ ប្រមូលពន្ធគយនិងអាកររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ប្រព័ន្ធគ្រប់គ្រងមធ្យោបាយ យានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនឹងសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺដូចនឹងពេលនេះគឺសម្រេចបាននូវការតភ្ជាប់ជាមួយប្រព័ន្ធ FMIS ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានគូសបញ្ជាក់ថា បើគិតមកដល់ពេល បច្ចុប្បន្ននេះ ប្រព័ន្ធ FMIS បានដាក់ឱ្យដំណើរការស្ទើរតែគ្រប់អង្គភាពស្នូលទទួលបន្ទុកហិរញ្ញវត្ថុ និង ថវិកានៅទូទាំងប្រទេស ដែលរួមមានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង-ស្ថាប័នទាំងអស់, អង្គភាព ថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានី-ខេត្តទាំង ២៥។ 

លោក បានថ្លែងទៀតថា លើសពីនេះ ប្រព័ន្ធ FMIS ក៏បានតភ្ជាប់ជាមួយប្រព័ន្ធផ្សេងៗជាច្រើនទៀត ក្នុងនោះមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធអេឡិចត្រូនិកគយ,ប្រព័ន្ធធនាគាររបស់ធនាគារជាតិនៃ កម្ពុជា និងរបស់ធនាគារពាណិជ្ជដៃគូជាច្រើន, ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និងប្រព័ន្ធគ្រប់ គ្រងចំណូលមិនមែនសារពើពន្ធ ។ 

លោកបន្តថា ការធ្វើសន្ធានកម្មប្រព័ន្ធទាំងពីរនេះគឺជាការសម្រេចបានដោយជោគជ័យ នូវផែនការគន្លឹះមួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលជាចក្ខុវិស័យដ៏មោះមុតរបស

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិ, ការសន្សំសំចៃចំណាយថវិកាជាតិតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស និង នីតិវិធីស្មុគ្រស្មាញនានា, ចូលរួម បង្កើនផលិតភាពការងាររបស់មន្ត្រីពន្ធដារ និងរតនាគារ និងជាពិសេសគឺការផ្ដល់ព័ត៌មានស្ដីពីចំណូល ថវិកាជាតិបានកាន់តែឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here