ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោករាជ រ៉ាបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងគម្រោង EU-German GATE និងតំណាងគម្រោង EU-German CAPSAFE សម្រាប់ការចាប់ផ្តើមនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
កិច្ចប្រជុំនេះមានការចូលរួម ពីលោកអនុប្រធានកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងគម្រោង EU-German GATE តំណាងគម្រោង EU-German CAPSAFE ទីប្រឹក្សាជាតិ តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ មានគោលបំណងផ្តល់វឌ្ឍនភាព សង្ខេបនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ជូនទៅកាន់តំណាងសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងគម្រោង EU-German GATE និងតំណាងគម្រោង EU-German CAPSAFE និងពិភាក្សាផែនការសកម្មភាពសម្រាប់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយនេះ ក្នុងទិសដៅសហការពង្រឹង និងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃវិស័យស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យផែនការសកម្មភាព និងពេលវេលា ដែលនឹងសហការអនុវត្តដោយទីប្រឹក្សាជាតិ និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ ជាការឆ្លើយតប តំណាងសហភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឆន្ទៈបន្តគាំទ្រដល់ក្រសួងពាណិជ្ជកម្ម ជាពិសេស ជំរុញប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយជាតិនេះ ជំរុញការបង្កើនតម្លៃបន្ថែម សម្រាប់ផលិតផលស្វាយចន្ទីកម្ពុជា ឱ្យកាន់តែខ្ពស់ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាផងដែរ៕