ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កញារីទ្ធបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ មានសារព័ត៌មានបោះពុម្ពផ្សាយ តាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ គេហទំព័រ និងភ្នាក់ងារអន្តរជាតិ ព្រមទាំងសមាគមអ្នកសារព័ត៌មាន ចំនួន១,៩៣៦ស្ថាប័ន កំពុងធ្វើសកម្មភាពនៅកម្ពុជា។
ការបញ្ជាក់បែបនេះរបស់លោក ខៀវ កញារីទ្ធ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញ ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល” នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់។
លោកខៀវ កញារិទ្ធ បានបន្ដថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងរស់នៅដោយសុខសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ សេរីភាពខាងសារព័ត៌មាន ដែលគាំពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបើកទូលាយដែលរហូតមកដល់ពេល នេះចំនួនសារព័ត៌មាននៅកម្ពុជា មានការកើនឡើងជាលំដាប់ទាំងសារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មាន ផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ទោះបីសារព័ត៌មានស្ថិតក្នុងសម្ពាធ ប្រព័ន្ធផ្សព្វផ្សាយឌីជីថលក៏ដោយ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា ជាក់ស្ដែងឆ្នាំ២០២២នេះ សារព័ត៌មានបោះពុម្ពផ្សាយ តាមបែបប្រពៃណីរួមមាន កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ដែលកំពុងដំណើរការចេញផ្សាយចំនួន៦៦២អង្គភាព គេហទំព័រចំនួន ៧០៦អង្គភាព ទូរទស្សន៍ អនឡាញចំនួន ៨១អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និងផ្សាយបន្តមានចំនួន១៦៥ស្ថានីយ។
ទូរទស្សន៍ផ្កាយរណបមាន ២ស្ថានីយ ទូរទស្សន៍ឌីជីថល (Pay TV) មាន៣ស្ថានីយ វិទ្យុមាន ២២១សា្ថនីយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន២៦អង្គភាព និងសមាគមអ្នកសារព័ត៌មានសរុបមាន៥១ អង្គភាព។
លោក ខៀវ កញារីទ្ធ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់នូវថាមពលដ៏ខ្លាំងក្លា នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូការពារដល់អ្នកសារព័ត៌មាន ដែលបានបំពេញភារកិច្ចតាមវិជ្ជាជីវៈ របស់ពួកគេ ដោយបានផ្តល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មានករណីមានបណ្ដឹងតាមផ្លូវតុលាការ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដែលប្រជាពលរដ្ឋម្នាក់ មានឧបករណ៍ផ្សព្វផ្សាយមួយដោយខ្លួនឯង ដែលអាចទទួល និងផ្សព្វផ្សាយបានគ្រប់ទម្រង់ និងគ្រប់រូបភាពបានរហ័សទាន់ចិត្ត នៅពេលណា ទីណាក៏បាននោះ គឺជាឧបសគ្គដល់ការប្រកួតប្រជែងទីផ្សារជាមួយស្ថាប័នសារព័ត៌មាន និងជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី។
លោកបន្តថា “ប៉ុន្តែសូមបងប្អូន អ្នកសារព័ត៌មានទាំងអស់យល់ថា ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងប្រើប្រាស់យ៉ាង សំបូរបែបនាពេលបច្ចុប្បន្ន គឺគ្រាន់តែជាផ្នែកមួយនៃការផ្តល់ព័ត៌មានបឋមដោយលាយឡំព័ត៌មានពិត និងព័ត៌មានមិនពិតនៅជាមួយគា្ន មិនគ្រប់ជ្រុងជ្រោយ ដោយសារតែអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មិនមែនជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ធ្វើឱ្យមហាជនមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងខ្វះជំនឿទុកចិត្ត។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគតបានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។
លោកបានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមតាមដាន សកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ លោកបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា “អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន”។
អ្នកសារព័ត៌មានគឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា ទី១ ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋានច្បាប់។ ទី២ អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មាន ដ៏សំខាន់ទៅដល់សាធារណជន ឲ្យគាត់បានដឹងអំពីអ្វីខ្លះ ដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿន ដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។
លោកបណ្ឌិតបានបន្តថា នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន តែងទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយរបស់សារព័ត៌មាន ហើយបញ្ជាឲ្យដោះស្រាយបញ្ហានោះ ទាន់ពេលវេលាផងដែរ។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា “គ្មានពេលណាមួយដែលសម្ដេចតេជោ បានទទួលព័ត៌មានអំពីបញ្ហា របស់ប្រជាពលរដ្ឋហើយមិនដោះស្រាយ បែរជាទៅចាប់អ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយរឿងនេះនោះទេ។ សម្ដេចមានតែអរគុណថែមទៀត នៅពេលអ្នកសារព័ត៌មានទាំងនោះ ផ្សព្វផ្សាយការពិត”។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា “មិនមែនតែរឿងទំនាស់នោះទេ សូម្បីតែរឿងមនុស្សធម៌ ក៏អ្នកសារព័ត៌មានយើងបានជួយច្រើនផងដែរ ដោយជួយតាមរយៈផ្សព្វផ្សាយ ដើម្បីកៀរគរនូវជំនួយទៅដល់អ្នករងគ្រោះនានា”៕