កម្ពុជារំពឹងស្រូបយកទេសចរ៧លាននាក់ ក្រោយព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរដាក់ឱ្យដំណើរការ

ដោយៈ សុផារី

សៀមរាបៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជារំពឹងស្រូបយកទេសចរ៧លាននាក់ ក្រោយព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរដាក់ឱ្យដំណើរការ។


ថ្លែងនៅក្នុងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីថ្ងៃទី៣ មេសាថា “គ្រាន់តែឥលូវនេះយើងគ្រោងបម្រុងទុក ដំណាក់កាលដំបូងនេះ យើងគ្រោងទទួលនូវនឹងព្រលានយន្តហោះសៀមរាបនេះ៧លាននាក់។ ដំណាក់កាលទី២ ពង្រីកដល់ទៅ១០លាននាក់។ ដំណាក់កាលទី៣ ដល់២០លាននាក់ ក្នុងមួយឆ្នាំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានថ្លែងបន្តថា “យើងធ្លាប់បានទទួលរួចមកហើយ នូវទេសចរជិត៧លាននាក់ មុនសម័យកូវីដ១៩។ ប្រសិនបើកូវីដ១៩ មិនកើត ប្រហែលជាមកដល់ពេលនេះ កម្ពុជាមានទេសចរប្រមាណជាងមួយ១០លាននាក់ទៅហើយ បើយើងតាមកំណើននៃចំនួនទេសចរ”។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាប្រភេទអាកាសយាន ដ្ឋានអន្តរជាតិកម្រិត/លំដាប់ថ្នាក់ 4E ដែលអាចទទួលទេសចរបានយ៉ាងច្រើន បើប្រៀបធៀបនឹងព្រលានយន្តហោះចាស់។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារអាមេរិក ចាប់ផ្តើមដំណើរការសាងសង់នៅខែមីនា ឆ្នាំ២០២០ ប្រើរយៈពេលសាងសង់សរុបចំនួន៣ឆ្នាំ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ២២ភាគរយនៃផែនការសរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here