សាធារណរដ្ឋឆែកបន្តជួយអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់កម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: សាធារណរដ្ឋឆែកបានបង្ហាញចេតនាចង់បន្តជួយអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ថា TVET នៅប្រទេសកម្ពុជា ខណៈភាគីកម្ពុជាក៏បានស្នើទៅកាន់ភាគីឆែកបង្កើតកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ TVET នេះឱ្យកាន់តែប្រសើរ ដើម្បីដើរឱ្យទាន់ការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។

ក្នុងជំនួបជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមីនានេះ លោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលសាធារណរដ្ឋឆែកបានផ្តល់នូវជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះសកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត លោកអគ្គរដ្ឋទូតចង់ឲ្យគម្រោងនេះមាននិរន្តរភាព និងចង់បានការបញ្ជាក់បន្ថែមពីលោករដ្ឋមន្ត្រីថា តើក្រសួងការងារចង់ឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆេកបន្តជួយលើវិស័យ TVET នេះក្នុងកម្រិតណាបន្តទៀត។

លោកបណ្ឌិត អ៊ិត សំហេង ចង់ឱ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូរបស់ប្រទេសយើងទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកនូវចំណេះដឹង ក៏ដូចជាកម្មវិធីសិក្សា លើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ឱ្យកាន់តែប្រសើរ និងដើរឱ្យទាន់នូវការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។

លោករដ្ឋមន្ត្រីបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែងកម្មវិធីអប់រំនិងកម្មវិធីសិទ្ធិមនុស្សនៅតាមតំបន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨។

សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យTVETវិញ រដ្ឋាភិបាលឆែកក៏បានបំពាក់ឧបករណ៍សម្ភារបណ្តុះបណ្តាលបំប៉នសមត្ថភាពថ្នាក់ដឹកនាំនិងគ្រូ ផលិតឯកសារសិក្សា កែលម្អហេដ្ឋារចនាសម្ព័ន្ធ ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (២០១៩-២០២១) និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (២០២០-២០២១)៕

LEAVE A REPLY

Please enter your comment!
Please enter your name here