តើការខ្ចីលុយពីធនាគារមករកសុីជារឿងល្អរឺទេ?

ដោយ: ម៉ាលីស

ភ្នំពេញ: មានទស្សនៈជាច្រើនយល់ឃើញថា ការខ្ចីលុយ ធនាគារ ប្រៀបបីដូចបង្កើតបំណុលឲ្យខ្លួនឯង។ មិនថាខ្ចីដើម្បីបង់រំលោះផ្ទះយកមកពង្រីកអាជីវកម្ម ឬធ្វើជាដើមទុនរកស៊ីក៏ដោយព្រោះគេគិតថា បើអាជីវកម្មមិនរលូន ឬមិនដំណើរការទៅមុខនោះបំណុលជាប់ខ្លួន នឹងកាន់តែកើនច្រើនជាមិនខាន។

ដូចនេះ សូមស្វែងយល់ដូចខាងក្រោមទាំងអស់គ្នាថា ការខ្ចីលុយពីធនាគារមករកស៊ីផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ សម្រួលដល់ការបង្វិលទុនរកស៊ី

ការរកស៊ីត្រូវមានលុយចេញចូល បង្វិលចុះឡើងជារឿងធម្មតា។ តែប្រសិនបើដើមទុនរបស់អ្នកនៅមានកម្រិត ស្របពេលដែលលំហូរសាច់ប្រាក់ត្រូវបានរាំងស្ទះ និងពុំមានគ្រប់គ្រាន់សម្រាប់ការទូទាត់ចាំបាច់ក្នុងអាជីវកម្មវាអាចនាំនូវ បញ្ហាប្រឈមសម្រាប់អាជីវកម្មនោះជាច្រើន ដូចជា ការខកខានការនាំចូលវត្ថុធាតុដើម ការរាំងស្ទះដំណើរការផលិត ទំនិញឬផ្ដល់សេវាកម្ម។ល។

ដោយឡែកប្រាក់កម្ចីពីធនាគារ នឹងដើរតួជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់អ្នកឲ្យ នៅតែបន្តទៅមុខដោយរលូន។

២ ជួយដល់ការពង្រីកអាជីវកម្ម

ម្ចាស់អាជីវកម្មឆ្លាតវៃមិនរង់ចាំទាល់តែ មានទុនផ្ទាល់ខ្លួនគ្រប់គ្រាន់ឬទុនប្រាក់ចំណេញគ្រប់គ្រាន់ ទើបពង្រីកអាជីវកម្មរបស់ខ្លួននោះទេ។ ប្រាក់កម្ចីពីធនាគារគឺជាយុទ្ធសាស្ត្រ ឆ្លាតវៃមួយក្នុងការទទួលបានដើមទុនបន្ថែមដោយងាយស្រួល ដើម្បីសម្រេចតាមគម្រោងការអាជីវកម្មទាន់ពេលវេលា។

៣ កសាងពិន្ទុឥណទានល្អ

ប្រិយមិត្តដែលបានតាមដានអត្ថបទកន្លងមក ប្រាកដជាដឹងហើយថារាល់ការស្នើសុំកម្ចីពី ធនាគារមន្ត្រី ឥណទានខាងធនាគារប្រាកដជា មើលលើពិន្ទុឥណទាន (credit score) របស់អ្នកសិនមុននឹងសម្រេចផ្ដល់កម្ចីឲ្យអ្នក។ ពេលអ្នកបង់សងកម្ចីឲ្យធនាគារវិញ បានទៀងទាត់ទៅតាមពេលកំណត់មានន័យថា អ្នកបានកសាងប្រវត្តិឥណទាន និងពិន្ទុឥណទានល្អដែលវានឹងផ្ដល់ភាពងាយស្រួលដល់អ្នកនៅថ្ងៃក្រោយ។

៤ អាចស្នើសុំកម្ចីបានច្រើនជាមួយអត្រាការប្រាក់ទាប

នៅពេលអ្នកមានពិន្ទុឥណទានល្អ អ្នកអាចស្នើសុំកម្ចីបាន កាន់តែច្រើនជាមួយអត្រាការប្រាក់ទាប រួមទាំងមានសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹង អ្នកផ្ដល់កម្ចីក្រៅ ស្ថាប័នផ្សេងៗដូចជាអ្នកចងការប្រាក់ មិនស្របច្បាប់មួយចំនួន ដែលកម្ចីមានអត្រាការប្រាក់ខ្ពស់ និងមិនមាននីតិវិធីត្រឹមត្រូវ ក្នុងការផ្ដល់កម្ចី។

ដោយឡែកចំពោះធនាគារតែង ត្រូវមានឯកសារធានាកម្ចី លក្ខខណ្ឌ នៃការសងត្រឹមត្រូវនិងត្រួតពិនិត្យ លើលក្ខខណ្ឌជាច្រើនមុនផ្ដល់កម្ចី។

យើងឃើញថា ការខ្ចីលុយធនាគារមករកស៊ី ពុំមែនជាលក្ខណៈអាក្រក់នោះទេ។ ទោះជាយ៉ាងនេះក្ដី អ្នកក៏ត្រូវប្រាកដផងដែរ នៅពេលស្នើសុំកម្ចីដោយគួរពិនិត្យមើល លើអត្រាការប្រាក់លក្ខខណ្ឌ កម្ចីលទ្ធភាពសង និងស្ថាប័នដែលអ្នកអាចទុកចិត្តបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here