តើការស្រាវជ្រាវទីផ្សារមានសារៈសំខាន់យ៉ាងណាសម្រាប់អាជីវកម្ម?

ភ្នំពេញ៖ ការស្រាវជ្រាវទីផ្សារ ឬ Market Research គឺជាសកម្មភាពប្រមូលព័ត៌មាននិងទិន្នន័យយកមកវិភាគ ដើម្បីដោះស្រាយបញ្ហាការធ្វើទីផ្សារផ្សេងៗ។

ជាទូទៅ គេធ្វើការស្រាវជ្រាវទីផ្សារ ដើម្បីជាជំនួយដល់ការសម្រេចចិត្តអ្វីមួយសម្រាប់អាជីវកម្ម ដូចជាក្នុងការកំណត់ប៉ាន់ស្មានថាផលិតផលមួយពេលដែលដាក់ដំណើរការទៅ តើវាអាចនឹងជោគជ័យឬអត់ មុននឹងគេសម្រេចថាចំណាយពេល និងថវិកាដើម្បីផលិតវា។

វាជាចំណែកដ៏សំខាន់មួយនៅពេលដែលគេបង្កើតយុទ្ធសាស្ត្រទីផ្សារ ដោយសារវាជួយឲ្យគេយល់ពីអ្វីដែលអតិថិជនគោលដៅចង់បាន ក៏ដូចជាធ្វើទីផ្សារឲ្យឆ្លើយតបទៅនឹងតម្រូវការផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្រាវជ្រាវទីផ្សារគួរតែជាសកម្មភាពដែលអាជីវកម្មធ្វើជាប្រចាំ ដោយសារសង្គម បរិយាកាស តម្រូវការ និង ចំណង់របស់អតិថិជនតែងប្រែប្រួលជានិច្ច។

អាជីវកម្មនីមួយៗ ធ្វើការស្រាវជ្រាវទីផ្សារខុសៗគ្នា។ ភាគច្រើនគេធ្វើការស្រាវជ្រាវទីផ្សារដូចជា ស្រាវជ្រាវពីស្លាកយីហោ ប្រសិទ្ធភាពយុទ្ធនាការទីផ្សារ ស្រាវជ្រាវពីគូប្រជែង ស្រាវជ្រាវពីអ្នកប្រើប្រាស់ ស្រាវជ្រាវពីប្រភេទអតិថិជន ការបង្កើតផលិតផល និង ការសាកល្បងភាពងាយស្រួលក្នុងការប្រើប្រាស់។

អ្នកអាចដើរតាមជំហានខាងក្រោមបាន៖
១. ដាក់គោលដៅ និងគោលបំណង ឲ្យបានច្បាស់លាស់មុននឹងចាប់ផ្តើមការស្រាវជ្រាវ។
២. កំណត់អតិថិជនគោលដៅ និងទំហំទីផ្សារ។
៣. ធានាឲ្យបានថាក្រុមស្ថិតិដែលអ្នកនឹងស្រាវជ្រាវ គឺជាតំណាងនៃអតិថិជនគោលដៅរបស់អ្នក។ អ្នកគួរសួររកចម្លើយដែលអ្នកទទួលបានពីក្រុមដែលអ្នកសិក្សា និង ឆ្លុះបញ្ចាំងពីអតិថិជនគោលដៅរបស់អ្នក។ វាអាចនឹងមិនត្រឹមត្រូវ១០០% ទេ តែសូមធ្វើយ៉ាងណាឲ្យវាមានភាគរយត្រឹមត្រូវខ្ពស់បំផុតតាមដែលអាចធ្វើបាន។
៤. ជ្រើសរើសការស្រាវជ្រាវទីផ្សារ និងវិធីប្រមូលទិន្នន័យដែលសមស្របបំផុត ដោយផ្អែកលើគោលបំណង។
៥. បង្កើតសំណួរស្រាវជ្រាវ មិនថាអ្នកប្រើវិធីអ្វីមកប្រមូលទិន្នន័យទេ។
៦. បើអ្នកមានកម្រងសំណួរ ចូរធ្វើយ៉ាងណាឲ្យសំណួរទាំងនោះនៅកណ្តាល មិនមែនជាសំណួរដែលនាំឲ្យគេឆ្លើយតាមចម្លើយដែលអ្នកចង់បាននោះទេ។
៧. ចូរដាក់បញ្ចូលសំណួរដែលអនុញ្ញាតឲ្យគេឆ្លើយដោយសេរីផងដែរ (មិនមែនមានតែសំណួរដែលចម្លើយគឺ បាទ ឬ ចាស)
៨. នៅពេលអ្នកប្រមូលទិន្នន័យរួចហើយ សូមយកទិន្នន័យនោះ មកវិភាគឲ្យផ្ចិតផ្ចង់។
៩. នៅពេលដែលអ្នកទទួលបានលទ្ធផលពីការស្រាវជ្រាវហើយ សូមយកលទ្ធផលនេះមកពិនិត្យថាវាត្រូវក្នុងស្ថានការណ៍ផ្សេងៗឬអត់។
ឧទាហរណ៍ថា បើអាជីវកម្មរបស់អ្នកលក់គ្រឿងសម្អាង ហើយលទ្ធផលរបស់អ្នកបានបង្ហាញថា ភ្ញៀវចូលចិត្តទិញគ្រឿងសម្អាងម៉ាកមួយ សូមវិភាគឲ្យដិតដល់ផងដែរថា មានកត្តាណាខ្លះដែលអាចជះឥទ្ធិពលដល់ជម្រើសនេះ ពីព្រោះពេលដែលកត្តាណាមួយប្រែប្រួល ចំណូលចិត្តរបស់ភ្ញៀវក៏អាចនឹងប្រែប្រួលតាមដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here