ដោយ: ម៉ាលីស
ភ្នំពេញ: ក្រុមការងារប្រឆាំងការបោសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នេះបើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១០ មីនា ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសពត៍មានសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិតញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាប្រធានក្រុមការងារខាងលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងកបទ.សអ និងតំណាងមកពីក្រសួងទេសចរណ៍ និងក្រសួងមហាផ្ទៃ សរុបចំនួន៥២នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ស្របតាមកាតព្វកិច្ចរបស់កម្ពុជា ក្នុងការអនុវត្ត សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ពាក់ព័ន្ធនឹងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ហើយការអនុវត្តកាតព្វកិច្ចនេះ ក៏ឆ្លើយតបទៅនឹងស្តង់ដាររបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force – FATF)។
សិក្ខាសាលាបានផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីពង្រឹងការយល់ដឹងអំពីខ្លឹមសារ និងក្របខ័ណ្ឌគតិយុត្តិនៃច្បាប់នេះ ដល់មន្ត្រីក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដែលអាចឆ្លើយតបទៅនឹងវិធានការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សិក្ខាកាមបានពិភាក្សា និងផ្លាស់ប្តូរមតិផ្តោតលើនីតិវិធីរបស់កម្ពុជា ក្នុងការអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕