ដោយៈម៉ាណែត
ភ្នំពេញៈ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិVisaបានអនុវត្តនូវគម្រោងស្ដីពី ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ស្ត្រី និងស្ត្រីជាសហគ្រិន ដោយជោគជ័យ ដែលគម្រោងនេះបានរួមចំណែក ដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សហគ្រិនស្ត្រី និងនិស្សិតជិត១ម៉ឹននាក់ទូទាំងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម រវាងស្ថាប័នទាំង៣កាលពីថ្ងៃទី៨មីនា ២០២២បានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្ដើមដោយរៀបចំ ជាវគ្គបណ្ដុះបណ្ដាលនៅខេត្តគោលដៅ រួមមានសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាមមកពីក្រសួងកិច្ចការនារី មន្ទីរពាក់ព័ន្ធនិងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗ ។
លោកថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ស្ត្រីកម្ពុជា ជាកំណប់ទ្រព្យនៃធនធានមនុស្ស ដែលមានទេពកោសល្យ ជំនាញ និងគំនិតច្នៃប្រឌិតខ្ពស់ ។ យើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាព ក្នុងកម្រិតមីក្រូសេដ្ឋកិច្ច និងក្រៅផ្លូវការ។
យើងក៏សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗ របស់ពួកគាត់ទៅដល់ស្ត្រីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល ។
លោករ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរសរស្ដម្ភដ៏សំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នា ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន ។
លោកស្រីជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុនវីសាជឿជាក់ថាសេដ្ឋកិច្ច ដែលរួមបញ្ចូលប្រជាជនគ្រប់រូប នៅគ្រប់តំបន់ និងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងពិតជាមានក្ដីរីករាយ ក្នុងការចូលរួមលើកកម្ពស់សមធម៌សង្គមកម្ពុជា៕