សិក្សាលើ៤ចំនុចនេះ ដើម្បីដណ្ដើមយកចំណែកទីផ្សារបានច្រើន

ដោយ: ម៉ាលីស

ភ្នំពេញ: ធ្លាប់ឆ្ងល់ទេហេតុអ្វី បានជាប្រកបអាជីវកម្មដូចគ្នា ប៉ុន្តែហេតុអ្វីបានជាដៃគូប្រកួតប្រជែង របស់យើងទទួលបានជោគជ័យ ខណៈពេលអាជីវកម្មរបស់ខ្លួនឯងធ្លាក់ចុះ ចំនួននៃការលក់បែបនេះទៅវិញ។


សិក្សាលើ៤ចំនុចខាងក្រោមនេះ ដើម្បីដណ្ដើមយកចំណែកទីផ្សារបានច្រើនជាងដៃគូប្រកួតប្រជែង៖

១. ប្រើយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ

ប្រសិនបើអាជីវកម្មរបស់អ្នក កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ ដែ​លលក់ពុំសូវដាច់ ខណៈពេលដែលដៃគូប្រជែងរបស់អ្នក អាចរកចំណូលបានច្រើនពីការលក់ អ្នកគួរតែងាកមកមើលពីយុទ្ធសាស្ត្រ ដែលអ្នកបានដាក់ចេញហ្នឹងម្ដងទៀត ថាតើរបៀបដែលអ្នករចនារូបភាព ក៏ដូចជាមាតិកាដែលអ្នកផ្សព្វផ្សាយចេញទៅនេះ ស្ថិតនៅក្នុងកម្រិតណា?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានភាពទាក់ទាញដែលឬទេ? មានការចូលរួមពីសំណាក់អតិថិជនដែរឬទេ? ហើយប្រភេទអតិថិជនគោលដៅរបស់អ្នកជាអ្នកណា? ជាយុវវ័យ ឬក៏មនុស្សចាស់? ស្រ្តីឬក៏បុរស? និងពិនិត្យមើលឡើងវិញទាក់ទងទៅនឹងច្រកផ្សព្វផ្សាយរបស់អ្នក ថាតើវេទិកាដែលអ្នកកំពុងផ្សព្វផ្សាយនេះ មានប្រសិទ្ធភាពឬអត់ជាដើម?។

មែនទែនទៅដៃគូប្រជែងរបស់អ្នក លក់ដាច់ជាងអ្នក គឺដោយសារតែពួកគេ បានកំណត់យ៉ាងច្បាស់ថា នរណាជាអតិថិជនគោលដៅរបស់ពួកគេ រួចចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រ ក៏ដូចជា ធ្វើយុទ្ធនាការបែបណា ដើម្បីទាក់ទាញអតិថិជន ឲ្យមកចាប់អារម្មណ៍ជាមួយនឹងផលិតផលរបស់ខ្លួន តាមរយៈការបង្កើតមាតិកា ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ទាក់ទងទៅនឹងផលិ​តផលរបស់ខ្លួន ដូចជា ការហៅ Influencer ឲ្យមកជួយផ្សព្វផ្សាយ ដោយផ្ដោតទៅលើគុណភាពនៃការឌីហ្សាញរូបភាព វីដេអូណែនាំ បូករួមនឹងការសរសេរព័ត៌មានខ្លី ខ្លឹម របស់ផលិតផល ដើម្បីជាសារចែកជូនទៅឲ្យអតិថិជនបានដឹង បានស្គាល់ និងចង់សាកល្បងប្រើប្រាស់កាន់តែច្រើន។

អ្វីដែលសំខាន់មួយទៀត នៃភាពជោគជ័យរបស់ដៃគូប្រកួតប្រជែងរបស់អ្នកនោះគឺ ការចេះស្វែងរកអ្នកដែលមានឥទ្ធិពល ដែលមានប្រជា​ប្រិយភាព មានជំនាញដើម្បីហៅមកជួយផ្សព្វផ្សាយ ផលិតផលរបស់ខ្លួនឲ្យកាន់តែផ្ទុះជាងមុន។

២. សេវាកម្មល្អ
ចំណុចមួយទៀត ដែលធ្វើឲ្យផលិតផលរបស់អ្នកលក់ ពុំសូវដាច់ដូចគេ គឺវាអាចមកពីការផ្ដល់នូវសេវាកម្ម របស់អ្នកនៅខ្សោយនៅឡើយ ទាំងផ្នែកដឹកជញ្ជូន និងសេវាកម្មក្នុងហាង។

ដូចនេះអ្នកគួរតែត្រឡប់ទៅពិនិត្យមើល ការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុនអ្នកឡើងវិញ ថាតើអតិថិជនមិនមករកអ្នក ដោយសារតែចំណុចនេះឬយ៉ាងណា ប្រសិនបើនៅមានចន្លោះខ្វះខាតពិតមែន អ្នកត្រូវតែកែតម្រូវវាឲ្យបានរហ័ស មិនថា សេវាកម្ម ក្នុងការទទួលរាក់ទាក់ភ្ញៀវ ឬសេវាជួសជុល សេវាថែទាំ និងសេវាកម្មដឹកជញ្ជូននោះទេ។

៣. ការបំពេញចិត្តអតិថិជន
តើអ្នកគួរយកចិត្តអតិថិជនដោយរបៀបណា? ហើយអាជីវកម្មរបស់អ្នកមានបានបង្ហាញ ពីការយកចិត្តទុកដាក់ និងការព្រួយបារម្ភទៅលើអតិថិជនដែរឬទេ?។

ដៃគូប្រកួតប្រជែងរបស់អ្នក អាចយកឈ្នះអ្នកបានគឺស្ថិតនៅត្រង់ចំណុចនេះឯង ប្រសិនបើអ្នកមិនចាប់អារម្មណ៍ ទៅលើការបំពេញចិត្តអតិថិជនទេ នោះអ្នកនឹងបាត់បង់ឱកាស ក្នុងការទទួលបានអតិថិជនថ្មីៗជាមិនខាន។

៤. បុគ្គលិកលក់យល់ច្បាស់ពីព័ត៌មានរបស់ផលិតផល
ការណ៍ដែលបុគ្គលិកលក់ មិនដឹងច្បាស់អំពីផលិតផល មិនដឹងថាផលិតផលដែលខ្លួន កំពុងតែលក់នោះនាំចូលមកពីណា មិនដឹងថាវាមានអត្ថប្រយោជន៍បែបណាខ្លះ និងរឹតតែមិនដឹងអំពីរបៀប នៃការនិយាយណែនាំ និយាយបញ្ចុះបញ្ចូលអតិថិជនទៀតនោះ ការលក់របស់អ្នកប្រាកដជាធ្លាក់ចុះជាមិនខាន។

កត្តាដែលធ្វើឲ្យអាជីវកម្ម របស់ដៃគូប្រកួតប្រជែងរបស់អ្នកលេចធ្លោជាងអ្នក និងមានអ្នកគាំទ្រជាងអ្នក គឺដោយសារតែបុគ្គលិករបស់គេ ម្នាក់ៗត្រូវបានបណ្ដុះបណ្ដាល ឲ្យបានដឹងយ៉ាងច្បាស់អំពីផលិតផលនីមួយៗ ថាវាមកនាំចូលមកពីប្រទេសណា មានអត្ថប្រយោជន៍បែបណាខ្លះ និងដឹងអំពីរបៀបប្រាស្រ័យ ទាក់ទងជាមួយនឹងអតិថិជន។ ដូចនេះនៅពេលដែលអតិថិជនគេមកទិញ គឺអតិថិជនមានអារម្មណ៍ល្អ ព្រោះបានដឹងនូវព័ត៌មានលម្អិតអំពីផលិតផលនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here