ដោយ: ម៉ាលីស
ភ្នំពេញ: មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែមានដុងពីធម្មជាតិ ក្នុងការចាប់ផ្ដើម និងដំណើរការអាជីវកម្មនោះទេ។ ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់នោះ អ្នកត្រូវមានស្មារតីជាសហគ្រិន។
សាកល្បងវិធីទាំង៥នេះ ដើម្បីបង្ហាត់ចិត្តគំនិតរបស់អ្នក ឱ្យដូចសហគ្រិនក្នុងអាជីពការងាររបស់អ្នក
១. មានចំណង់ចំណូលចិត្តនិងការស្រលាញ់ខ្លាំង
ជាទូទៅសហគ្រិននីមួយៗ តែងមានចំណង់ចំណូលចិត្ត និងការស្រលាញ់ខ្លាំង ចំពោះអ្វីដែលពួកគេកំពុងធ្វើ។ ការដាក់ចិត្តដាក់កាយនៅក្នុងអាជីពការងារ ជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យ។ អ្នកមិនត្រូវចាប់ផ្ដើមសកម្មភាព ជាជាងស្រមើស្រមៃពីអ្វីដែលអ្នកចង់ធ្វើ។
ប្រសិនបើអ្នកមិនពេញចិត្ត នឹងអ្វីដែលអ្នកកំពុងធ្វើ អ្នកប្រាកដជាមិនសប្បាយចិត្ត ថែមទាំងមិនអាចទទួលជោគជ័យផងដែរ។ ដូចនេះ សូមអ្នកធ្វើឱ្យប្រាកដថា អ្វីដែលអ្នកកំពុងធ្វើ ជាអ្វីដែលអ្នកស្រលាញ់។
២. មានអារម្មណ៍រំខានពីការងារគ្មានប្រសិទ្ធិភាព
សហគ្រិននានា តែងមានអារម្មណ៍រំខានពីប្រសិទ្ធិភាព ហើយពួកគេតែងមានភាពរហ័សរហួស ក្នុងការដោះស្រាយបញ្ហា។ អ្នកគួររៀនគិតពីអប្រសិទ្ធិភាព នៅក្នុងកន្លែងការងាររបស់អ្នក ហើយរៀនរកដំណោះស្រាយ ឬការបញ្ចេញយោបល់សម្រាប់ការកែលម្អ។ បែបនេះអ្នកអាចក្លាយជាបុគ្គលិកឆ្នើមនៅក្រុមហ៊ុន ហើយក្រុមហ៊ុនរបស់អ្នកទៀតសោត នឹងផ្ដល់តម្លៃដល់អ្នកក្នុងរយៈពេលយូរអង្វែង។
៣. ហ៊ានប្រឈមនឹងហានិភ័យ
អ្វីដែលធ្វើឱ្យសហគ្រិន មានភាពលេចធ្លោជាងអ្នកអាជីពធម្មតា នោះគឺពួកគេហ៊ានប្រឈមមុខនិងហានិភ័យ។ កាលណាអ្នកហ៊ានដើរចេញពីកន្លែង ដែលអ្នកធ្លាប់តែស្រណុកសុខស្រួល និងទទួលយកការប្រកួតប្រជែង អ្នកអាចរកឃើញនូវជំនាញថ្មី ទទួលបានការគាំទ្រពីចៅហ្វាយនាយរបស់អ្នក ជាពិសេសនោះ អ្នកអាចទទួលបានការដំឡើងមុខងារ និងប្រាក់ខែទៀតផង។
៤. រិះរកគំនិតថ្មីៗ
ភាពជោគជ័យយូរអង្វែងនៃអាជីវកម្មមួយ អាស្រ័យលើការបន្តបង្កើតថ្មីនិងច្នៃប្រឌិត។ សហគ្រិននានាតែងឆ្លៀតយកពេលវេលា រិះរកគំនិតថ្មីៗ ដើម្បីធ្វើការផ្លាស់ប្ដូរ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ឱ្យបានរីកចម្រើននិងគង់វង្ស។
៥. កុំដាក់កំហិតលើក្ដីស្រមៃរបស់អ្នក
ក្ដីស្រមៃគ្មានដែនកំណត់ ជាអត្តសញ្ញាណនៃស្មារតីរបស់សហគ្រិន។ មនុស្សជាច្រើន តែងដាក់លក្ខខណ្ឌចំពោះខ្លួនឯង ព្រោះពួកគេយល់ថា វាមានភាពប្រាកដប្រជានិងជាក់ស្ដែង។ ប៉ុន្តែការស្រមើស្រមៃខ្ពស់ គ្មានអ្វីខុសនោះទេ ប្រសិនបើអ្នកខំប្រឹងប្រឹងធ្វើដើម្បីឈានដល់គោលដៅ។
បើសិនជាអ្នកចង់មានភាពជោគជ័យ នៅក្នុងអាជីពការងាររបស់អ្នក អ្នកអាចស្វែងយល់ពីចំណុចទាំង៥ខាងលើនេះ។ ហើយសូមអ្នកចងចាំថា ភាពបរាជ័យ បង្រៀនអ្នកទៅកាន់ភាពជោគជ័យ។ ដូច្នេះ សូមកុំបាក់ទឹកចិត្ត នៅពេលអ្នកជួបប្រទះនឹងបញ្ហា ផ្ទុយទៅវិញ អ្នកត្រូវចាត់ទុកថា វាជាមេរៀនសម្រាប់កសាងភាពជោគជ័យ៕