ធាតុផ្សំ៥ចំណុចក្នុងការបង្កើតស្ថេរភាពហិរញ្ញវត្ថុ

ដោយ: ម៉ាលីស

ភ្នំពេញ: ស្ថេរភាពហិរញ្ញវត្ថុសំដៅទៅលើសន្តិភាពផ្លូវចិត្តនៅពេលដែលយើងមិនមានការព្រួយបារម្ភអំពីលុយ។ ជាទូទៅវាមានន័យថាមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ គ្មានបំណុល និងមានប្រាក់សន្សំសម្រាប់ទូទាត់នៅពេលមានអាសន្ន។ ធាតុផ្សំសំខាន់ៗមួយចំនួននៃការធ្វើផែនការហិរញ្ញវត្ថុដែលអាចជួយយើងទាំងអស់គ្នាក្នុងការបង្កើតស្ថេរភាពហិរញ្ញវត្ថុ។ នេះគឺជាធាតុផ្សំទាំង ៥ ចំណុច:

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.មិនមានបំណុល
មនុស្សភាគច្រើនតែងតែយល់ច្រលំថាឥណទានគឺជាមធ្យោបាយងាយស្រួលមួយដើម្បីទទួលបានរបស់ដែលគេចង់បានឥឡូវនេះ។ ពួកគេមិនបានមើលទៅលើផលវិបាករយៈពេលវែងនិងបំណុលនោះទេ។ ការរស់នៅដោយគ្មានបំណុលអាចឱ្យមនុស្សរស់នៅក្នុងជីវិតដែលពួកគេចង់រស់នៅ។ វាមានន័យថាពួកគេមិនចាំបាច់ព្រួយបារម្ភច្រើនអំពីការចំណាយ ឬអ្វីដែលនឹងអាចកើតឡើង ប្រសិនបើពួកគេបាត់បង់ការងារភ្លាមៗ។ ការរួចផុតពីបំណុលគឺជាសេរីភាពផងដែរ។

២.ការគ្រប់គ្រងថវិការបស់អ្នក
ប្រសិនបើអ្នកចង់គ្រប់គ្រងថវិការបស់អ្នក នោះមានតែចម្លើយមួយទេគឺ បង្កើតផែនការថវិកា។ នោះមានន័យថាត្រូវថ្លឺងថ្លែងពីចំណូល និង ចំណាយជារៀងរាល់ដើមខែ។ ប្រសិនបើអ្នកមិនមានផែនការទេ អ្នកកំពុងរស់នៅដូចជាការពឹងផ្អែកលើការបន់ស្រន់។ អ្នកសង្ឃឹមថាអ្វីៗនឹងមិនអីទេ ប៉ុន្តែធាតុពិតអ្នកមិនបានរៀបចំអ្វីទាល់តែសោះ។ វានឹងមិនដំណើរការបានល្អទេ។ អ្នកគួរឈប់រំពឹង ហើយចាប់ផ្តើមរៀបចំផែនការ។ ដើម្បីឱ្យការគ្រប់គ្រងថវិកាមានដំណើរការល្អ អ្នកត្រូវរស់នៅទៅតាមចំណូលរបស់អ្នក។វាមិនមែនជាការអនុវត្តតែម្ដងនោះទេ ការគ្រប់គ្រងថវិកាគឺជាទម្លាប់ដែលអ្នកត្រូវតែអនុវត្តជាប្រចាំពេញមួយជីវិតរបស់អ្នក។

៣.ត្រៀមសម្រាប់ភាពអាសន្ន
ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលធ្វើអោយយើងមានភាពតានតឹងគឺដោយសារតែយើងបារម្ភអំពីរឿងដែលអាចនឹងកើតឡើង។ ហើយនោះគឺជាមូលហេតុដែលការធានារ៉ាប់រងត្រូវបានបង្កើតឡើង។ ដើម្បីទទួលបានអារម្មណ៍ថាមានស្ថេរភាពហិរញ្ញវត្ថុ អ្នកគួរមានការធានារ៉ាប់រងដែលសមស្របសម្រាប់ពេលមានបញ្ហាដូចជា ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងផ្ទះ / អគ្គីភ័យ ធានារ៉ាប់រងរថយន្ត និងធានារ៉ាប់រងអាយុជីវិត។ ហេតុអ្វីបានជាធានារ៉ាប់រងអាចជួយធានាដល់ស្ថេរភាពហិរញ្ញវត្ថុរបស់អ្នក?
ឧទាហរណ៍៖ ធានារ៉ាប់រងសុខភាព អាចការពារក្រុមគ្រួសាររបស់អ្នកពីហានិភ័យផ្នែកហិរញ្ញវត្ថុសម្រាប់ថ្លៃចំណាយទៅលើការព្យាបាល ដោយអ្នកបង់ចំនួនបុព្វលាភប្រចាំឆ្នាំបន្តិចបន្តួចនិងផ្ទេរហានិភ័យទាក់ទងនឹងថ្លៃព្យាបាលទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងសុខភាពដែលនឹងត្រូវទូទាត់ជំនួស។

៤.បង្កើនសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក
ជាលទ្ធផលសុវត្ថិភាពហិរញ្ញវត្ថុក៏មានន័យថាជាការវិវឌ្ឍន៍ដែលមានស្ថេរភាព និងទុកចិត្តបាន។ នេះប្រហែលជាមានន័យថា ការបង់រំលោះប្រាក់កម្ចីទិញផ្ទះជារៀងរាល់ខែ បញ្ចូលលុយទៅក្នុងគណនីសន្សំ ឬវិនិយោគសម្រាប់ការចូលនិវត្តន៍។ ការតាមដាននូវការកើនឡើងនៃប្រាក់សន្សំទំនងជាធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពហិរញ្ញវត្ថុ។

៥. រៀបចំផែនការសម្រាប់តម្រូវការរបស់កូនៗរបស់អ្នក
កូនៗ របស់យើងមានតម្រូវការរបស់ពួកគេហើយតំរូវការទាំងនោះតែងតែផ្លាស់ប្តូរនៅពេលពួកគេ ធំឡើង។ ក្នុងនាមជាឪពុកម្តាយ យើងសង្ឃឹមថានឹងអាចបំពេញតម្រូវការរបស់ពួកគេ មិនមែនទំរើសកូន ៗរបស់យើងនោះទេ ប៉ុន្តែជាការផ្គត់ផ្គង់ដល់ពួកគេតាមរបៀបដែលរៀបចំពួកគេឱ្យបានល្អសម្រាប់ពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here