ដោយ៖ សុធារី
យើងតែងតែមិនចង់ចំណាយលុយច្រើនទៅលើអីវ៉ាន់ជាពិសេសឱ្យតែឃើញប្រូម៉ូសិនពេលដើរកាត់ហាងទំនិញ ឬឃើញក្នុងអនឡាញ គ្រប់គ្នាប្រាកដជាមិនបណ្ដោយឱ្យឱកាសនេះកន្លងផុតនោះទេ។ ជាហេតុធ្វើឱ្យយើងសឹងតែដាច់លុយម្ដងៗហើយគេចូលចិត្តដាក់លក់ជាលក្ខណៈ ទិញមួយថែមមួយ និងការបញ្ចុះតម្លៃ៥០%។ ហើយឆ្ងល់ថា រវាងទិញមួយថែមមួយ និងការបញ្ចុះតម្លៃ៥០% តើមួយណាចំណេញជាង?
ការទិញមួយថែមមួយ
ការទិញមួយថែមមួយ ឫ Buy One, Get One Free ជាយុទ្ធសាស្រ្ដទីផ្សារដែលម្ចាស់អាជីវកម្មប្រើ សម្រាប់បង្កើនប្រាក់ចំណេញនិងជួយលាងឃ្លាំងចេញនូវផលិតផលដែលលក់មិនសូវដាច់ដើម្បីបានដាក់ចូលផលិតផលថ្មី។
លក្ខណៈពិសេសរបស់វាស្ថិតនៅត្រង់ថា ពេលអតិថិជនទិញរបស់ មួយនោះពួកគាត់នឹងទទួលបានរបស់ដូចគ្នាមួយទៀត។ មិនតែប៉ុណ្ណោះការទិញមួយថែមមួយ ក៏មិនមែនសំដៅតែការថែមជូនរបស់ដូចគ្នានោះដែរ។ អ្នកលក់ក៏អាចថែមជូនរបស់ផ្សេងទៀតព្រោះគេយល់ថា ការថែមរបស់ដែលលក់មិនសូវដាច់ល្អជាងបញ្ចុះតម្លៃលើវា។ តួយ៉ាង បើយើងទិញតែបៃតងទឹកដោះគោមួយកែវអ្នកលក់នឹងថែមជូនសូកូឡាក្រឡុកមួយកែវ ព្រោះវាថ្លៃជាងប្រភេទភេសជ្ជៈដទៃ ហើយមិនសូវមានអតិថិជនចង់ទិញប៉ុន្មាន។
អ្នកទិញភាគច្រើនយល់ឃើញថាទំនិញទិញមួយថែមមួយបីដូចពួកគាត់ទិញរបស់មួយហើយទទួលបាន របស់មួយទៀតសម្រាប់ការបញ្ចុះតម្លៃ១០០%ចំណេញហើយមិនចាំបាច់ចំណាយលុយច្រើន។ តែតាម ពិតទៅ ភាគច្រើនគេបានបូករបស់ថែមនោះបញ្ចូលទៅក្នុងទំនិញទីមួយហើយ ពោលគឺទិញមួយបានពីរ គ្រាន់តែគិតតម្លៃទាំងពីរបូកចូលគ្នា។ ដូចនេះទំនិញទីពីរដែលគេថែមជូនមិនចំណេញដូចការគិតទេ ។
- បញ្ចុះតម្លៃ៥០%
ការបញ្ចុះតម្លៃ៥០%ជាជម្រើសដ៏ពេញនិយម និងមានប្រសិទ្ធិភាពក្នុងការធ្វើអាជីវកម្មសម្រាប់អ្នក លក់។ វាបានបង្ហាញឱ្យឃើញពីការលើកទឹកចិត្តពីអ្នកលក់ និងទទួលបានការគាំទ្រច្រើនពី អតិថិជន។
អតិថិជនមួយចំនួនតែងតែចង់បានប្រូម៉ូសិនបែបនេះដោយសារពួកគាត់យល់ឃើញថា បើពួកគាត់ទៅហាងកាហ្វេម្នាក់ឯងហើយចំថ្ងៃគេបញ្ចុះតម្លៃបែបហ្នឹង គាត់នឹងទិញតែភេសជ្ជៈមួយកែវក្នុងតម្លៃគេបញ្ចុះ ហើយបើសិនជាពួកគាត់ទិញ២ ឬជាក្រុម ក៏ចំណេញជាជាងទៀតទៅ។
បើយើងសិក្សាឱ្យស៊ីជម្រៅជួនកាលអ្នកលក់បានកំណត់តម្លៃ លក់លើទំនិញទីមួយពីមុនលើសពីតម្លៃកំពុងលក់ក្នុងពេលបច្ចុប្បន្នរួចទៅហើយ ដល់ពេលទំនិញទីមួយនោះមានការបញ្ចុះតម្លៃ អ្នកលក់នឹងបញ្ចុះតម្លៃ ក្នុងកម្រិតមួយទៀត យ៉ាងណាលក់មិនឱ្យខាតថ្លៃដើម។ ម្យ៉ាងទៀតការប្រើវីធីសាស្រ្តនេះដើម្បីលក់អោយបានចំនួនច្រើន។ ដូចនេះតម្លៃរបស់ផលិតផលនៅប្រហាក់ប្រហែលនឹងតម្លៃដើមដដែល។
ជារួមរវាងការទិញមួយថែមមួយ និងការបញ្ចុះតម្លៃ៥០%យល់ឃើញថា ការបញ្ចុះតម្លៃ៥០%ចំណេញជាង ប៉ុន្តែវាក៏អាស្រ័យទៅលើផលិតផល និងគុណភាពដែរ។ ពេលខ្លះការបញ្ចុះតម្លៃ៥០% និងរវាងទិញមួយថែមមួយយកមករបស់មិនល្អប្រើប្រាស់ មិនកើតនាំអេាយខាតលុយដដែល។ អ្នកគួរតែគិតមុខទិញទំនិញដែលគេបញ្ចុះតម្លៃនោះថា តើរបស់ណាដែលយើងត្រូវការ និងរបស់ណាដែលគ្រាន់តែត្រូវមួយពេល៕