ដោយៈលក្ខិណា
ភ្នំពេញៈ ដើម្បីចូលរួមគាំទ្រដំណើការធុរកិច្ចកម្ពុជា ប្រកបដោយនិរន្តរភាព ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) បានសហការជាមួយក្រុមហ៊ុនបញ្ជី ហ្វាញថេក ឯ.ក (BanhJi) ដើម្បីបង្កើនការអនុវត្តសកម្មភាព ក្នុងភាពជាដៃគូសហការ ក្នុងគោលដៅចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារ SME និង Banhji បានប្តេជ្ញាថា នឹងរួមគ្នាផ្តល់ការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើតផលិតផលឌីជីថលថ្មី ផលិតផលផ្នែកហិរញ្ញវត្ថុ ឬដំណើរការសម្រាប់អតិថិជន ដែលមានស្រាប់ និងថ្មី ដែលស្របតាមយុទ្ធសាស្រ្តអទិភាពរបស់ធនាគារ។
កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូល ទាំងការអភិវឌ្ឍន៍ផលិតហិរញ្ញវត្ថុឌីជីថល និងកម្មវិធីសម្រាប់វិស័យគោលដៅ របស់ធនាគារ SME ថែមទៀតផង។
លោកលឹម អូន អគ្គនាយកនៃធនាគារ SME បានលើកឡើងថា “ធនាគារ SME បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពទាក់ទាញ រួមមានការផ្តល់ឥណទាន ដែលមានតម្លៃទាប និងលក្ខខណ្ឌអនុគ្រោះដែល ផ្តល់ភាពងាយស្រួលនៅលើទីផ្សារ។
នៅចំពោះមុខ ធនាគារ SME មានផែនការអភិវឌ្ឍបណ្តាញ ចែកចាយឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារនឹងវិនិយោគបន្ថែមលើការបើកសាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូសហការ ជាមួយស្ថាប័នផ្សេងៗក្នុងគោលបំណងបម្រើសេវាកម្មជូនដល់អតិថិជន ដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ។
លោកបន្តថា “ធនាគារ SME បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ BanhJi ដើម្បីរួមចំណែក ក្នុងការគាំទ្រដល់អតិថិជនរបស់ BanJi ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ”។
ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារគោលនយោបាយផង ធនាគារ SME តែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការអនុវត្តរាល់សកម្មភាព ដើម្បីផ្តល់ភាពងាយស្រួល ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ។
លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ជី មានប្រសាសន៍ថា “ ថ្ងៃនេះពួកយើង ពិតជាមានភាពរីករាយណាស់ ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ ជាដៃគូជាមួយនឹងធនាគារ SME។ បេសកម្មរបស់ក្រុមហ៊ុនបញ្ជី គីការគាំទ្រ បរិយាប័ន្នហិរញ្ញវត្ថុ របស់សហគ្រាសធុនតូច និងមធ្យម។
លោកបន្តថា “ការងារនេះតម្រូវអោយមាន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា”។ លោកបន្តថា “ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបញ្ជី និង ធនាគារ SME នឹង រួមគ្នាបង្កើតដំណោះស្រាយបែបឌីជីថល និងមានភាពនវានុវត្តន៍ សម្រាប់បញ្ហាគ្រប់គ្រងហិរញ្ញវត្ថុ របស់សហគ្រាសធុនតូច និងមធ្យម ដែលបានជួបប្រទះជារៀងរាល់ថ្ងៃ”៕