ដោយៈសុផារី
ភ្នំពេញៈ អង្គការ ៣ រួមមានសហគ្រិនខ្មែរ (Khmer Enterprise) អង្គការអុកស្វាម និង Platform Impact បានចុះកិច្ចព្រមព្រៀងសហការគ្នាជាដៃគូ ដើម្បីពន្លឿនជំរុញ និងពង្រីកសកម្មភាពសហគ្រិនភាព ដែលមានឥទ្ធិពលវិជ្ជមាន និងសកម្មភាពហិរញ្ញប្បទាន ប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា តាមរយៈការអនុវត្ត“កម្មវិធីគាំទ្រសហគ្រាសធុនតូច និង មធ្យមដែលមានឥទ្ធិពលវិជ្ជមាន (Program Impact-Driven SME or PRISME)” ។
សហគ្រិនខ្មែរ និងអង្គការអុកស្វាម នឹងសហការផ្តល់មូលនិធិនិងគាំទ្រដល់ការអនុវត្ត PRISME ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៤។ ចំណែកឯ Platform Impact ធ្វើការជាដៃគូជាមួយ Cambodia Investor Club នឹងរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តបច្ចេកទេស និងភ័ស្តុភារដើម្បីផ្តល់ការគាំទ្រ ប្រកបដោយគុណភាពខ្ពស់ ដល់សហគ្រិនដើម្បីបង្កើត និងដាក់ឱ្យដំណើរការនូវសហគ្រាស ដែលមានឥទ្ធិពលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។
PRISME គឺជាកម្មវិធីសហគ្រិនភាពមួយថ្មី នវានុវត្តន៍ និងល្អបំផុតដែលមានគោលដៅកសាងអភិវឌ្ឍ និងផ្តល់ភាពអង់អាចដល់សហគ្រាសដែលមានឥទ្ធិពលវិជ្ជមាន សហគ្រាសកូនកាត់ដែលរួមបញ្ចូល បេសកកម្មទៅក្នុងអាជីវកម្ម និងផ្តោតការយកចិត្តទុកដាក់ ទៅលើការបំពេញតាមតម្រូវការសង្គម ដោយប្រើប្រាស់ថាមពលសហគ្រិន និងយុទ្ធសាស្រ្តទីផ្សារ ដើម្បីបង្ហាញថា ការរកប្រាក់ចំណេញ និងការមានឥទ្ធិពលវិជ្ជមានលើសង្គម គឺមិនមែន ជាគំនិតដាច់ដោយឡែកពីគ្នានោះទេ។ គំនិតទាំងនេះ មានលក្ខណៈបរិយាប័ន្ន យកចិត្តទុកដាក់លើបរិស្ថាន និងប្រើប្រាស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាក្របខ័ណ្ឌមួយសម្រាប់ធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាព ។
លោកស្រីភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្តល់ការងារ និងបង្កើតប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ក៏ដូចជា ក្នុងការបង្កផលប៉ះពាល់ដល់សង្គមនិងបរិស្ថាន។
ចំំណែកលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើឡើងថា កម្មវិធីនេះ នឹងមិនត្រឹមតែលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមដែលចូលរួមតាម រយៈការបណ្តុះបណ្តាលជំនាញផ្សេងៗ និងការអភិវឌ្ឍប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកអាជីវកម្មរបស់ពួកគេទៅមួយកម្រិតទៀត តាមរយៈការវិនិយោគទុន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបណ្តាញថ្នាក់ជាតិ និងថ្នាក់តំបន់។
ជាមួយគ្នានេះ លោក វ៉ាន់ វិចិត្រ នាយកគ្រប់គ្រងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជននៃ Platform Impact បានបញ្ជាក់ថា PRISME មានគោលបំណង លើកកម្ពស់ការប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក តាមរយៈការតភ្ជាប់ខ្សែសង្វាក់តម្លៃការបង្កើនលទ្ធភាពចូលទីផ្សារ និងទទួលបានហិរញ្ញប្បទានប្រសិទ្ធភាពពាណិជ្ជកម្ម ក៏ដូចជា ការរួមបញ្ចូលសមាសធាតុបរិស្ថានសង្គម និងអភិបាលកិច្ច។
PRISME នឹងចាប់ផ្តើមផ្តល់ការគាំទ្រ ដល់ក្រុមទីមួយនៃសហគ្រាសដែលមានឥទ្ធិពលវិជ្ជមាននៅខែមករា។ ខណៈពេលនេះ កម្មវិធីកំពុងរៀបចំបញ្ចប់បញ្ជីសហគ្រាសចំនួន១០ ដែលត្រូវចូលរួមក្នុងក្រុមដែលសហគ្រាសនីមួយៗ នឹងទទួលបានការគាំទ្ររយៈពេលមួយឆ្នាំ ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកបង្កើតអាជីវកម្មបណ្តាក់ទុន ដែលចាប់ផ្តើមពីដំណាក់កាលបង្កើតផែនការអាជីវកម្ម រហូតដល់ការត្រៀមខ្លួន និងបិទការវិនិយោគ។ បេក្ខភាពសហគ្រាសដែលចូលរួម គឺមកពីផ្នែកផ្សេងៗ គ្នាចាប់តាំងពីផ្នែកសេវាសុខភាព រហូតដល់ធុរកិច្ចបៃតង និងផ្នែកគ្រប់គ្រងសម្រាម៕