ដោយៈលក្ខិណា
ភ្នំពេញៈ លោកង៉ែត ជូជាអ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជា និងជាអ្នកវិនិយោគអចលនទ្រព្យ ដែលចាត់ទុកជាបុគ្គលជោគជ័យមួយរូបផងដែរ និងតែងតែចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងគន្លឹះសម្រាប់ត្រួសត្រាយផ្លូវក្នុងការធ្វើអាជីវកម្ម ។
លោកបានបង្ហាញនូវមនុស្សចំនួន៤ប្រភេទ ដែលលោកចាត់ទុកជាមនុស្សដែលមិនអាចកសាងទ្រព្យសម្បត្តិស្បុកស្ដម្ភបាន ក្នុងនោះរួមមាន ៖
១) មនុស្សត្រូវការប្រាក់
ប្រាក់មិននៅជាមួយអ្នកត្រូវការវានោះទេ។ អ្នកត្រូវការប្រាក់តែងយកប្រាក់ទៅចំណាយតាមតំរូវការ និងចំណង់ឥតព្រំដែនរហូតដល់អស់ពីខ្លួន។ រីឯអ្នកមិនត្រូវការប្រាក់តែងគ្រប់គ្រងចំណង់របស់ខ្លួន និងតែងតែមានលទ្ធភាពទុកប្រាក់អោយធ្វើការ ដើម្បីបង្កើតប្រាក់បន្តទៀត។ ការទុកប្រាក់ឱ្យធ្វើការ ដើម្បីបង្កើតប្រាក់បន្តទៀត គឺហៅថាជាការវិនិយោគ។
២) មនុស្សស្រលាញ់ប្រាក់
ប្រាក់ក៏មិនផ្តល់ភាពចំរុងចំរើន ដល់អ្នកស្រឡាញ់វានោះដែរ។ អ្នកស្រឡាញ់ប្រាក់ មិនហ៊ានយកប្រាក់ទៅធ្វើអ្វី ដើម្បីភាពរីកចំរើន ឬទទួលបានផលចំណេញនោះទេ ព្រោះតែងតែខ្លាចខាតបង់ ខ្លាចហានិភ័យ។
៣) មនុស្សកំណាញ់មិនហ៊ានចំណាយ
មិនហ៊ានចំណាយប្រាក់ជួលអ្នកដទៃឱ្យជួយធ្វើការ ឬធ្វើការជំនួសដៃជើងរបស់ខ្លួន ។ មិនហ៊ានខ្ចីប្រាក់ពីធនាគារ ឬអ្នកដទៃដើម្បីពង្រីកការវិនិយោគ ព្រោះមិនហ៊ានចំណាយការប្រាក់ ជាដើម ។ អញ្ចឹងហើយអាជីវកម្ម ឬកិច្ចការវិនិយោគមិនមានការរីកចំរើន និងមិនមានលទ្ធភាពបង្កើនប្រាក់ចំណេញនោះឡើយ។
៤) មនុស្សមិនចេះទុកចិត្តអ្នកដទៃ
មិនចេះរៀនមើលមនុស្ស ឬមិនប្រថុយធ្វើការសហការជាមួយដៃគូអាជីវកម្ម ឬអ្នកវិនិយោគដទៃទៀត ព្រោះតែការមិនទុកចិត្ត។ ក្នុងសម័យកាលប្រកួតប្រជែងខ្លាំង និងការវិវត្តលឿននៃទីផ្សារ ការមិនទុកចិត្ត ឬមិនចេះសហការជាមួយអ្នកដទៃ អាចធ្វើអោយបាត់បង់ឱកាសក្នុងទីផ្សារ៕