ដោយៈ គង់ ម៉ាលីន
ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាបានមានប្រសាសន៍ថា សន្តិភាពនៅក្នុងប្រទេសមួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល គឺជាបុរេលក្ខខណ្ឌចម្បងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍ។
សម្តេចបានមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ ភាពជាដៃសភាអាស៊ី-អឺរ៉ុប ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នាថ្ងៃទី១៦នេះថា តំបន់មួយមានសន្តិភាព ជាកន្លែងមួយដែលមានការអភិវឌ្ឍ។ សន្តិភាពត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍ។ បើមានតែសន្តិភាព ហើយគ្មានការអភិវឌ្ឍ សង្គមមួយនោះ ក៏មិនអាចនៅស្ថិតស្ថេរយូរអង្វែងបានឡើយ។ ដូចនេះ សភាត្រូវបន្តលើកកម្ពស់បន្ថែមទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់ដោះស្រាយបញ្ហាទាំងឡាយខាងលើ។
សម្តេចបន្តទៀតថា យន្តការ “ការទូតសភា” រួមមាន ការទូតបង្ការជម្លោះ និងការទូតផ្សះផ្សារ ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរគង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យ។
លទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុបនាពេលនេះគឺជាធាតុចូលសំខាន់ជាសំឡេងរបស់ពលរដ្ឋ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនាពេលខាង មុខនោះ។
ក្នុងនាមជាម្ចាស់ផ្ទះ ASEP11 នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានក្តីសង្ឃឹមថា វេទិកានេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ មិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើស្មារតី ក្នុងការលើកយកបញ្ហាសំខាន់ៗរួម និងជាក់ស្តែងពីក្នុងតំបន់ មកជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ព្រមទាំងដាក់ចេញនូវដំណោះស្រាយរួម ដែលឆ្លុះបញ្ចាំងពីទស្សនទានប្រកបដោយវិចារណញ្ញាណ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ជាគោលមាគ៌ា ក្នុងការពង្រឹង និងលើកកម្ពស់សហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់ និងរវាងតំបន់ទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំថែមទៀត ស្របទៅនឹងការវិវឌ្ឍ នៃសភាពការណ៍តំបន់និងសកល សំដៅស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ ឱ្យងើបឡើងវិញបានឆាប់រហ័ស ប្រកបដោយភាពធន់ និងរឹងមាំជាងមុន ឈានទៅសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពរួម ។
ក្នុងពិធីបើកកិច្ចប្រជុំ ASEP11 មានការអញ្ជើញចូលរួមពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអញ្ជើញថ្លែង សន្ទរកថាស្វាគមន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ និងមានការចូលរួមពីសំណាក់លោកជំទាវ ហេឌី ហូតាឡា(Heidi Hautala) អនុប្រធានសភាអឺរ៉ុបផងដែរ៕