ដោយៈ សុធារី
ភ្នំពេញៈ គ្មាននរណាម្នាក់ចង់ធ្លាក់ក្នុងបំណុលអាក្រក់ឡើយ តែមនុស្សតិចណាស់ដែលចេះច្បាស់ពីក្បួនចាយលុយ ព្រោះមនុស្សភាគច្រើនចាយលុយ ទៅតាមខួរក្បាលបញ្ជា។ ដូច្នេះហើយ តើគួរធ្វើដូចម្ដេចទើបមិនធ្លាក់ក្នុងបំណុល?។
ខាងក្រោមនេះ ជាការឆ្លុះបញ្ចាំងពីទម្លាប់ចាយលុយទាំង៥ ដែលជួយឲ្យអ្នកចៀសផុតពីបំណុលអាក្រក់។
១ ទម្លាប់ចាយវាយ ជាអ្នកកំណត់ថា អ្នកណាជាអ្នកមាន ហើយអ្នកណាជាអ្នកក្រ។ អ្នកមាន និងអ្នកក្រ ឲ្យតម្លៃលុយខុសគ្នា។ របៀបដែលពួកគេចាយលុយ ក៏ខុសគ្នាដែរ។
២ អ្នកមាន ចាយលុយដើម្បីបានអ្វីមួយមកវិញ។ អ្នកមានគិតពីប្រយោជន៍ជាមុន ហើយគ្រប់យ៉ាងដែលពួកគេធ្វើ ច្រើនតែជាផ្នែកមួយនៃផែនការជីវិត ឬផែនការអាជីវកម្មរបស់ពួកគេ។
៣ អ្នកក្រ ចាយលុយដើម្បីបំពេញចំណង់មួយឆាវរបស់ខ្លួនឯង។ អ្នកក្រ ចាយលុយទាល់តែអស់ ទើបចាប់ផ្តើមរៀបចំផែនការ។ ពេលខ្លះ អ្នកក្រ ទាល់តែជាប់បំណុលសិន ទើបនឹកឃើញភ្ញាក់ខ្លួន។
៤ លុយដែលយើងរកបាន ត្រូវតែចាយ ព្រោះបើរកមកមិនបានចាយ តើយើងរកមកធ្វើអ្វី? ប៉ុន្តែយើងត្រូវដឹងពីមូលហេតុ នៃការចាយរបស់យើងដែរ។ យើងមិនអាចនឹកឃើញចាយក៏ចាយនោះទេ។
៥ ក្រៅពីនេះ យើងគួរតែដកឃ្លាមកគិតសិន។ ឧទាហរណ៍ ការចាយដើម្បីអួតគេ ឬការចាយព្រោះតែធុញមិនដឹងធ្វើអី ជាមូលហេតុដែលនាំឲ្យយើងបាត់លុយ ដោយមិនដឹងខ្លួន។
ពេលខ្លះ យើងអាចមើលឃើញថា អ្នកមានចំណាយលុយទៅលើវត្ថុប្រើប្រាស់ថ្លៃ ឬចូលហាងទំនើបៗ ប៉ុន្តែខ្ញុំហ៊ានធានាថា រាល់ពេលដែលពួកគេចាយ ពួកគេសុទ្ធតែបានគិតរួចហើយ។ វាអាចជាផ្នែកមួយនៃផែនការរបស់គេក៏ថាបាន៕