ដោយៈសហសេវិក
ភ្នំពេញៈ ជំងឺកូវីដ១៩ បានធ្វើឲ្យសហគ្រាសធុនតូច និងមធ្យមជាច្រើន ទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ដែលវាពិតជាពិបាកសម្រាប់ការទ្រទ្រង់ និងឈរជើងនៅលើទីផ្សារបន្ត ដោយសារតែការចំណាយមានការកើនឡើង ហើយចំណូលមានការធ្លាក់ចុះ ដែលសឹងតែតិចជាងការចំណាយទៅទៀត។
ដូច្នេះ ម្ចាស់សហគ្រាសទាំងនោះប្រាកដជាត្រូវការ នូវប្រាក់កម្ចីជាដើមទុនខ្លះសម្រាប់ផ្គត់ផ្គង់ការចំណាយបន្ត។ ហេតុនេះហើយ ម្ចាស់សហគ្រាសធុនតូច និងមធ្យម គួរប្រើប្រាស់សេវាប្រាក់កម្ចី ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
តើហេតុអ្វី ម្ចាស់សហគ្រាសធុនតូច និងមធ្យម គួរប្រើប្រាស់សេវាប្រាក់កម្ចី ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា? ដូចដែលបានដឹងហើយថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) ជាធនាគារពាណិជ្ជមួយទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា និងស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ធនាគារមានគោលដៅចម្បង ក្នុងការផ្ដល់នូវការសហការដ៏ល្អមួយ ជាមួយអាជីវកម្មទាំងអស់ ជាពិសេសអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យអាទិភាព ឲ្យសម្រេចឲ្យបាននូវភាពរីកចម្រើន និងរក្សាស្ថេរភាពអាជីវកម្មរបស់ពួកគេ តាមរយៈការទទួលបាននូវសេវាហិរញ្ញប្បទានរបស់ធនាគារ ដោយធនាគារមានការផ្ដល់ជូន នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥ ភាគរយក្នុងមួយឆ្នាំ សម្រាប់អាជីវកម្មមានការចុះបញ្ជីការត្រឹមត្រូវ ហើយស្ថិតក្នុងវិស័យអាទិភាព ដែលមានដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់កាត់បន្ថយការនាំចូល និងបម្រើសេចក្ដីត្រូវការក្នុងស្រុក។
ចំណែកឯអាជីវកម្មមិនទាន់ចុះបញ្ជី ធនាគារមានការផ្ដល់ជូននូវអត្រាការប្រាក់អតិបរមា៧.៥ភាគរយក្នុងមួយឆ្នាំ។ នេះសម្រាប់តែគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។ ធនាគាររបស់យើងមានផលិតផលកម្ចីផ្សេងៗទៀត ដូចជាកម្ចីសម្រាប់សហគ្រិនជាស្ត្រី និងកម្ចីសម្រាប់អាជីវកម្មឌីជីថល និងទំនើបកម្ម។
ណាមួយសហគ្រិនក៏មិនពិបាក ក្នុងការរៀបចំឯកសារទ្រព្យបញ្ចាំច្រើន ក្នុងការស្នើសុំប្រាក់កម្ចីសម្រាប់ទ្រទ្រង់អាជីវកម្មឡើយ ដោយគ្រាន់តែបង្ហាញពីឯកសារមួយចំនួនអំពីស្ថានភាពនៃសហគ្រាស ឬអាជីវកម្ម ជាមួយគោលបំណងនៃការស្នើសុំហិរញ្ញប្បទាននោះ ដើម្បីឲ្យភាគីធនាគារ អាចផ្ដល់ជូននូវប្រាក់កម្ចីតាមទំហំអាជីវកម្ម។ នេះជាឱកាសល្អសម្រាប់ម្ចាស់អាជីវកម្ម ឬសហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើការស្នើសុំកម្ចីទ្រទ្រង់អាជីវកម្មក្នុងពេលកូវីដ១៩៕