ដោយ៖ សុផារី
ភ្នំពេញ៖ 1. អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯងច្រើនជួបបញ្ហាដំបូងបង្អស់មួយគឺមិនដឹងរកស៊ីអ្វី។ គេខ្វះគំនិតរកស៊ី ហើយគិតថាបើគេមានគំនិតអាជីវកម្មល្អ គេនឹងអាចជោគជ័យ។

2. ពួកគេទទួលបានគំនិតអាជីវកម្ម និងការជំរុញទឹកចិត្តដ៏អស្ចារ្យពីប្រភពផ្សេងៗ ដូចជាសារព័ត៌មានជោគជ័យ គ្រូជោគជ័យ អ្នកអួតនៅក្រៅប្រទេសតាមរយៈបណ្តាញសង្គម និងការណែនាំពីអ្នករកស៊ីដែលទំនងជាជោគជ័យផ្សេងៗ។
3. គេក៏បានលាឈប់ពីការងារជាមួយក្តីសង្ឃឹមខ្ពស់ រួចប្រមែប្រមូលប្រាក់សន្សំរបស់ខ្លួន រួមទាំងខ្ចីប្រាក់ពីឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្តិជុំវិញខ្លួន យកមកចាប់ផ្តើមអាជីវកម្ម។
4. ភាគច្រើន អ្នកដែលចេញមករកស៊ីទាំងនោះ ដោយសារតែការរំភើប និងសុទិដ្ឋិនិយមខ្ពស់ ច្រើនតែមិនបានសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់នៅឡើយថាតើគំនិតអាជីវកម្មរបស់ខ្លួនមានគេធ្វើមុនហើយឬនៅ និងថា តើអ្នកធ្វើមុនទទួលបានលទ្ធផលល្អប៉ុណ្ណា…។
5. ជាក់ស្តែង ក្រោយពេលប្រឡូកចូលក្នុងអាជីវកម្មទើបគេឃើញថាអាជីវកម្មដូចគ្នានេះ មានគេធ្វើជាច្រើនគ្នាមកហើយ រីឯខ្លះក៏បរាជ័យបិទទ្វារទៅវិញស្ងាត់សូន្យទាំងយើងមិនដឹង មិនខុសអ្វីពីការលើកឡើងរបស់មហាសេដ្ឋីហុងកុង Li Ka-shing ដែលថាពេលចូលធ្វើជាក់ស្តែងទើបដឹងថាអាជីវកម្មណាក៏មានគេធ្វើមុនយើងរាប់សិបហើយដែរ។
6. ក្រោយពេលជ្រុលខ្លួនក្នុងអាជីវកម្មហើយទើបគេដឹងថា ការលំបាកក្នុងការរកស៊ីមិនចប់ត្រឹមការដែលមានគំនិតអាជីវកម្មល្អនោះទេ។ ការលំបាកបំផុតគឺការលក់ឲ្យដាច់។
7. ការលក់ឲ្យដាច់ក៏មិនបញ្ចប់ត្រឹមការចេះ Live លើបណ្តាញសង្គម ឬការពពាយនាយឲ្យមិត្តភ័ក្តិជួយទិញដែរ។ វាទាមទារជំនាញធ្វើទីផ្សារដ៏ច្បាស់លាស់មួយដើម្បីធានាថាអតិថិជនបានស្គាល់ ទុកចិត្ត និងហ៊ានដកលុយទិញផលិតផលរបស់អ្នក ជាជាងទិញពីដៃគូប្រកួតប្រជែងផ្សេង។
8. មកដល់ត្រឹមនេះ គេចាប់ផ្តើមហេលហាល ព្រោះការលក់ទទួលបានចំណូលទាប រីឯប្រាក់ចំណេញក៏មិនបានកើនឡើងដូចការរំពឹងទុក។ គេចាប់ផ្តើមឃើញថា លុយមិនមែនរកបានដោយគ្រាន់តែមានគំនិតអាជីវកម្មដូច Robert Kyosaki បានលើកឡើងនោះទេ (Money is just an idea.)។ គេចាប់ផ្តើមយល់ថា វាត្រូវការជំនាញច្រើនណាស់ទម្រាំតែអាចលក់ចេញ រក្សាភ្ញៀវចាស់ បង្កើនចំណូល និងបន្ថយចំណាយ។
9. អ្នកខ្លះក៏បោះបង់អាជីវកម្មចោលក្រោយពេលចាប់ផ្តើមបានប៉ុន្មានខែ ខ្លះបោះចោលក្រោយបានពីរបីឆ្នាំ ហើយខ្លះអាចតស៊ូបណ្តើរ រៀនកសាងជំនាញបណ្តើរ ដើម្បីបន្តដង្ហើមរស់បានខ្លះទៀត។
10. ចុងក្រោយទៅ គេចាប់ផ្តើមយល់ថា ការរកស៊ីមិនងាយស្រួលដូចពួកគ្រូ និងព័ត៌មានជោគជ័យលើកឡើងឡើយ។ តាមពិត គេរកលុយបានដោយសារភាពរំភើប និងមិនយល់របស់យើង។ គេជម្រុញឲ្យគ្រប់គ្នាលាឈប់ពីការងារដើម្បីចេញរកស៊ី៕