ដោយ: ម៉ាលីស
ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យរួមគ្នា និងវិនិយោគតែឯងសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួន។
យោងតាមការរៀបរាប់របស់ លោក គាម សៀកឡុង ក្នុងសៀវភៅ វិថីអចលនទ្រព្យ បានរៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិ នៃការ វិនិយោគតែឯង និងរួមគ្នាមានដូចជា
១ វិនិយោគតែឯង
ការវិនិយោគតែឯក ងាយស្រួលការសម្រេចចិត្តតាមគំនិតផ្ទាល់ខ្លួន ការសម្រេចចិត្ត មានភាពងាយស្រួលនិងបត់បែន ចំណេញតែម្នាក់ឯង ដោយមិនមានការបែងចែកឡើយ តែការវិនិយោគម្នាក់ឯង ទិញតាមចំនួនទឹកប្រាក់ដែលខ្លួនមាន ធនធានមានកំណត់ បណ្ដាញមានកំរិត ពេលវេលាមានតិច ដោយសារតែកង្វះខាតព័ត៌មាន ដើម្បីប្រៀបធៀប ពេលវេលាដើម្បីស្វែងយល់លំអិត និងធនធានហិរញ្ញវត្ថុនេះហើយ ដែលធ្វើឲ្យពេលខ្លះពួកគាត់ទៅវិនិយោគអចលនទ្រព្យ នៅតំបន់ចុងកាត់មាត់ញកតំបន់ដាច់ ស្រយាលគ្មានការអភិវឌ្ឍទៅដល់នោះឡើយ សូម្បីតែរយៈពេល១០ ឬ២០ ឆ្នាំខាងមុខក៏មិនកើនតម្លៃ ឬកើនតិចតួចបំផុតឬមានការខាតបង់តែម្ដង។
២ វិនិយោគជាក្រុម
មានដៃគូច្រើន មានដើមទុនច្រើន បណ្ដាញច្រើន ប្រភពព័ត៌មានច្រើន បែងចែកការងារជួយពិនិត្យថ្លឹងថ្លែង គំនិតច្រើនប្រសើរជាងមួយ រៀនសូត្រពីគ្នាទៅវិញទៅមក បែងចែកប្រាក់ចំណេញខាត ហានិភ័យរួមគ្នាអាចទិញបានអចលនវត្ថុ ដែលទីតាំងល្អដែលត្រូវការលុយច្រើន តែទោះជាយ៉ាងនេះក៏ដោយ ការធ្វើការជាមួយនឹងមនុស្សច្រើនការសម្រេចចិត្តយឺតយឺតយ៉ាវទាំងពេលទិញ និងពេលលក់ អាចនឹងបាត់ឱកាសជាច្រើនដង ដោយសារការសម្រេចចិត្ត យឺតយ៉ាវនេះ មិនចុះសម្រុងនិងគ្នាឬអាចមានទំនាស់ផលប្រយោជន៍ បែកបាក់សាមគ្គី បើករណីធ្ងន់ធ្ងរអាចឈាន ដល់ការបាត់បង់មិត្តភាព ឬបងប្អូនក៏មាន។
ដើម្បីកាត់បន្ថយនូវទំនាស់ និងបញ្ហានានាក្នុងការវិនិយោគរួមគ្នា យើងមានជាដំណោះស្រាយ ដូចជា ប្រគល់សិទ្ធិឲ្យមនុស្សមានឥទ្ធិពល និងជឿទុកចិត្តបានចំនួនភាគតិចណាមួយ ឲ្យពួកគាត់មានសិទ្ធិសម្រេចមានឯកសារច្បាស់លាស់ ចែងពីតួនាទីនិងកាតព្វកិច្ច របស់អ្នកតំណាងការងារមានតម្លាភាព និងស្មោះត្រង់ជាមួយគ្នា។
បើយើងអាចកាត់បន្ថយទំនាស់ទាំងអស់នេះបាន ការវិនិយោគរួមគ្នា ពិតជាប្រសើរជាងការវិនិយោគតែម្នាក់ឯង តែកាន់តែប្រសើរជាងនេះទៅទៀតនោះ គឺត្រូវមានចំណេះដឹងមានប្រភពព័ត៌មាន និងបណ្ដាញដែលគួរឱ្យទុកចិត្តលើការវិនិយោគ ទើបការវិនិយោគទទួលបានផលចំណេញជាអតិបរមា៕