ជំនាញសំខាន់ៗចំនួន៣ ដែលអ្នករកស៊ីជោគជ័យអត់មិនបាន

ដោយ: ម៉ាលីស

ភ្នំពេញៈ ចំណេះដឹងខ្លះដែលអ្នកត្រូវតែសិក្សាស្វែងយល់ និងរៀនសូត្របន្ថែម មានដូចជាជំនាញគ្រប់គ្រង ភាពជាអ្នកដឹកនាំ សិល្បៈនៃការលក់ និងការងារផ្នែកលក់ទាក់ទងនឹងផលិតផល ឬសេវាកម្មជំនាញ ទីផ្សារគណនេយ្យនិងរដ្ឋបាលជាដើម គឺជាជំនាញបច្ចេកទេសទូទៅ ដែលអ្នកក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវការសិក្សាស្វែងយល់ខ្លះជៀសមិនផុតឡើយ។

យោងតាម លោក ម៉េង សុងហោរ ដែលបានរៀបរាប់ក្នុងសៀវភៅ “ត្រៀមចេញរកស៊ីអោយចំគោលដៅ” បានអោយដឹងថា ជំនាញសំខាន់បីដែលធ្វើឲ្យអ្នកអាចមានឱកាសជោគជ័យក្នុងអាជីវកម្មបានកាន់តែឆាប់នោះគឺ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ចេះប្រើប្រាស់មនុស្ស
រឿងដែលអ្នកត្រូវចេះមុនគេ គឺចេះប្រើប្រាស់មនុស្សឲ្យអស់ពីសមត្ថភាព ប្រើប្រាស់ឲ្យចំគោលដៅទៅតាមជំនាញសមត្ថភាព និងទេពកោសល្យរបស់ពួកគេ ទាញយកទឹកចិត្តមនុស្សឱ្យស្ម័គ្រស្លាប់ ធ្វើការងារជាមួយអ្នក តាមរយៈការផ្ដល់ឲ្យពួកគេនូវការគោរព ឲ្យតម្លៃ ឱ្យសិទ្ធិអំណាចលើការងាររបស់គេ និងផ្ដល់ជាការលើកទឹកចិត្ត គួបផ្សំនឹងប្រាក់ចំណូលសមរម្យពិសេស គឺឱកាសរីកចម្រើនដល់ពួកគាត់។

បើអ្នកជាមេល្អពិតមែន គ្មានបុគ្គលិកណាដែលមិនគោរពអ្នក នឹងមិនចង់នៅធ្វើការជាមួយអ្នកនោះទេ តែបើអ្នកជាមេដែលមិនខ្វល់ពីសុខទុក្ខបុគ្គលិក ខ្វល់តែពីប្រសិទ្ធភាពការងារ ទោះជាអ្នកផ្ដល់ប្រាក់រង្វាន់ឲ្យបុគ្គលិកច្រើនប៉ុណ្ណា បើគ្មានការគោរពស្រឡាញ់និងឱ្យតម្លៃគ្នាទៅវិញទៅមកនោះដែរ។ គាត់ប្រាកដជាមិននៅយូរឡើយ ពេលណាដែលគាត់ហត់ចិត្ត និងមើលឃើញឱកាសការងារផ្សេង កន្លែងធ្វើការផ្សេង ដែលល្អជាងស្ថាប័នរបស់អ្នក។

២ ចេះប្រើប្រាស់លុយ
ចេះប្រើប្រាស់លុយនៅត្រង់ចំណុចនេះ ផ្ដោតសំខាន់លើការគ្រប់គ្រង លំហូរសាច់ប្រាក់ ប្រកបដោយភាពវ័យឆ្លាតមិនថា ចំណូលអ្នកតិច ឬក៏ច្រើនហើយស្មុគស្មាញកម្រិតណានោះទេ បញ្ហាគ្រប់គ្រងលំហូរសាច់ប្រាក់ ត្រូវធ្វើឲ្យបានល្អ និងច្បាស់លាស់បំផុត ពិសេសចំណាយឲ្យបានត្រឹមត្រូវបំផុត។ គ្រប់ការចំណាយ ដែលមិនត្រឹមត្រូវគឺជាការខាតបង់របស់ស្ថាប័ន ទាំងពេលវេលា និងលុយកាក់ ដែលនាំអោយអាជីវកម្មអ្នកពិបាក ក្នុងការពង្រីកខ្លួន ព្រោះតែបញ្ហាលំហូរសាច់ប្រាក់និងឯង អាជីវកម្មខ្លះរកចំណូលបានច្រើនក្នុងមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែដល់ចុងខែសរុបលុយបែរជារកមិនឃើញ ប្រាក់ចំណេញសោះ ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុរាល់ខែ។

៣ ចេះប្រើប្រាស់ពេលវេលា
រឿងមួយទៀតដែលអ្នកត្រូវចេះ គឺការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ ការប្រើប្រាស់ពេលវេលានៅទីនេះ សំដៅដល់ការកំណត់ផែនការការងារ នឹងព្យាយាមសម្រេចឲ្យបានទាន់កាលកំណត់ ទើបអ្នកអាចមានឱកាសរត់តាមដៃគូរអាជីវកម្មទាន់ ការបែងចែកពេលវេលា សម្រាប់ផែនការនីមួយៗមិនបានត្រឹមត្រូវ នឹងធ្វើឲ្យអាជីវកម្មអ្នកជាប់គាំងដើរទៅមុខមិនរួច កុំថាឡើយចង់ធ្វើការប្រកួតប្រជែងទីផ្សារនឹងគេនោះ។

សម្រាប់អ្នកដែលទើបចាប់ផ្ដើមអាជីវកម្មដំបូង ការគ្រប់គ្រង និងបែងចែកពេលវេលានេះ ជារឿងសំខាន់ណាស់ បើអ្នករៀបចំមិនបានល្អហើយ មិនកំណត់ច្បាប់តឹងរឹងទេ លទ្ធផលការងារថ្ងៃនេះ និងថ្ងៃស្អែកប្រាកដជាគ្មានអ្វីខុសគ្នាឡើយ អាជីវកម្មអ្នកប្រាកដជាទៅមុខមិនរួច មិនអាចលេចចេញជារូបរាងពិតប្រាកដឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here