“កុំ” ទាំង៥សម្រាប់អ្នករកស៊ី ដែលមានគុណតម្លៃនិងជោគជ័យខ្លាំងបំផុត

ដោយ: ម៉ាលីស

ភ្នំពេញៈ សម្រាប់អ្នករកស៊ីមួយចំនួន កំហុសដ៏ធំធេងដែលរុញច្រានពួកគាត់ពិបាកក្នុងការរកឃើញភាពជោគជ័យ ក្នុងវិស័យអាជីវកម្មនោះ គឺការចាប់ផ្ដើមអ្វីមួយដោយមិនមានភាពច្បាស់លាស់នឹងចាប់ផ្ដើមឡើង ព្រោះតែគិតប្រយោជន៍ខ្លួនឯងជាចម្បង។

តាមការរៀបរាប់របស់ លោក ម៉េង សុងហោរ ក្នុងសៀវភៅ “ត្រៀមចេញរកស៊ីអោយចំគោលដៅ” បានអោយដឹងថា “កុំ”ទាំង៥ សម្រាប់អ្នករកស៊ីដែលមានគុណតម្លៃនិងជោគជ័យខ្លាំងបំផុតនោះមានដូចជា:

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ កុំរកស៊ីដើម្បីលុយ
សហគ្រិនកំពូលៗ និងមហាសេដ្ឋីពាន់លានដុល្លារលើពិភពលោក សុទ្ធសឹងតែជាអ្នកដែលហ៊ានចេញរកស៊ី ដើម្បីអ្នកដទៃ ដើម្បីក្តីស្រមៃចង់ជួយមនុស្សជាតិ ទើបអាចទទួលបានជោគជ័យខ្លាំងបែបនេះ។

ជាក់ស្ដែងមហាសេដ្ឋីវ័យក្មេង Mark Zuckerberg ស្ថាបនិក Facebook លោកចាប់ផ្ដើមក្រុមហ៊ុនហ្វេសប៊ុក ដែលមានក្តីស្រមៃថា មនុស្សលោកទាំងមូលអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងងាយស្រួល ចំណេញពេលចំណេញថវិកា ចូលរួមចែករំលែកនិងឈឺឆ្អាលឲ្យចំពោះគ្នាទៅវិញទៅមក។

មហាសេដ្ឋីពាន់លានដុល្លារ Bill Gates ចាប់ផ្ដើមក្រុមហ៊ុន Microsoft បង្កើតកម្មវិធី softwareជាច្រើន ព្រោះតែចង់ជួយសម្រួលការងារដល់មនុស្សជាតិ ទើបត្រូវបានគេមើលឃើញពីគុណតម្លៃ ដែលនាំឱ្យលោកទទួលបានជោគជ័យ ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង។

រីឯមហាសេដ្ឋីពាន់លាននៅអាស៊ីលោក Jack Ma ស្ថាបនិកAlibaba លោកផ្ដើមបង្កើតក្រុមហ៊ុននេះឡើង ព្រោះតែចង់ជួយអោយសេដ្ឋកិច្ចប្រទេសចិន ឲ្យមានភាពរីកចម្រើន តាមរយៈការជួយដល់ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ស្វែងរកទីផ្សារ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារពិភពលោក។

មហាសេដ្ឋីរូបនេះ ក៏ធ្លាប់មានប្រសាសន៍ផងដែរថា លោកមិនដែលខ្វល់នឹងពាក្យតិចទៀតនឹងការគំរាមកំហែងពីអាជ្ញាធរ ឬរដ្ឋាភិបាលទាក់ទងនឹងការចង់ជួយជាតិរបស់លោកឡើយ ពិសេសសូម្បីតែការស្នើសុំចាប់ដៃរកស៊ីពីមន្ត្រីរាជការ ក៏លោកហ៊ានបដិ​សេធដែរ។

២ កុំរកស៊ីព្រោះមុខមាត់
មនុស្សមួយចំនួនមិនមែន មានលុយចាយវាយគ្រប់គ្រាន់នោះទេ តែព្រោះតែចង់បានកេរ្តិ៍ឈ្មោះ ចង់ឲ្យគេស្គាល់ព្យាយាមចេញរកស៊ី ទាំងទទឹងទិស និងចេញមុខចេញមាត់ទាំងខ្លួនឯង មិនមានភាពជោគជ័យច្បាស់លាស់ ឬចាប់ផ្ដើមអាជីវកម្ម ដោយមិនចេញញើសឈាមខ្លួនឯងពិតប្រាកដក៏ដោយ។

៣ កុំរកស៊ីព្រោះគ្មានអ្វីធ្វើ
នេះជាចំណុចដ៏អាក្រក់បំផុត ក្នុងចំណោមអ្នកដែលចង់រកស៊ីទាំងអស់។ ការចាប់ផ្ដើមអាជីវកម្ម មិនមែនបង្កើតជម្រើសឲ្យខ្លួនឯងនោះទេ ហើយក៏មិនមែនដើម្បីកម្សាន្តអារម្មណ៍ដូចគ្នាដែរ។ ជាងនេះទៅទៀតការចាប់ផ្ដើម ដែលមិនមានភាពច្បាស់លាស់បែបនេះ ក៏មិនអាចឲ្យអ្នកជោគជ័យលើអ្វីមួយបានដែរ។

៤ កុំរកស៊ីព្រោះតែឃើញគេជោគជ័យ
បញ្ហារកស៊ីតាមគ្នានេះ យើងឃើញមានច្រើនបំផុតនៅកម្ពុជានេះឯង។ ត្បិតតែកម្ពុជាគឺជាទីផ្សារសេរី ប្រជាជនកម្ពុជាអាចរកស៊ីតាមគ្នាបាន ប៉ុន្តែបើអ្នកចេញរកស៊ីដោយគ្មានឆន្ទៈ រកស៊ីព្រោះតែលុយ ឬគ្រាន់តែឃើញគេជោគជ័យខ្លួនឯង ចង់ជោគជ័យដូចគេដែរ ព្យាយាមធ្វើដូចគេ ទាំងមិនដឹងថា ខ្លួនឯងស្រឡាញ់មុនមុខរបរនោះ
ទៅអត់ផង ហានិភ័យនេះពិតជាធំណាស់។

៥ កុំរកស៊ីព្រោះគ្មានជម្រើស
បុគ្គលបរាជ័យអាជីវកម្មភាគច្រើន ចេញរកស៊ីទាំងខ្លួនឯង មានម្ចាស់ការលើខ្លួនឯង ស្ដាប់តាមគេរកស៊ី ដោយមិនមើលពីហានិភ័យដែលខ្លួនជួបប្រទះ។ ពេលដែលអ្នកចេញរកស៊ី ទាំងមិនមានភាពប្រាកដនិយម អ្នកប្រៀបបានទៅនឹងដើមស្រស់ដែលចាំតែរ៉េ តាមខ្យល់ រ៉េតាមគេប្រាប់ ភ័យខ្លាចព្រោះតែគេបំភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here