តើបង់រំលស់ថេរប្រចាំខែ (EMI) គឺជាអ្វី?គេគណនាយ៉ាងដូចម្តេច?

ដោយៈសុផារី

ភ្នំពេញៈ មានវិធីសាស្រ្តជាច្រើន ក្នុងការគណនាចំនួនប្រាក់បង់សងកម្ចី ប៉ុន្តែវិធីពេញនិយម គឺការបង់រំលស់ថេរប្រចាំខែ (EMI)។ ការប្រចាំខែ (EMI) គឺជាចំនួនទឹកប្រាក់ទូទាត់ថេរ ដែលធ្វើឡើងដោយកូនបំណុល អោយទៅម្ចាស់បំណុលទៅតាមកាលបរិច្ឆេទដែលបានកំណត់រៀងរាល់ខែ។

ការបង់រំលស់ថេរប្រចាំខែ ត្រូវបានអនុវត្តដោយបង់ទាំងការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ ដូច្នេះក្នុងរយៈពេលជាក់លាក់ណាមួយ ប្រាក់កម្ចីត្រូវបានសងទាំងស្រុង។

នៅពេលអ្នកស្នើរឥណទានលំនៅដ្ឋាន បញ្ហាដែលអ្នកត្រូវគិតចំបងបំផុតគឺការបង់សងប្រាក់កម្ចី ។ ការបង់សងឥណទានលំនៅដ្ឋាន ភាគច្រើនគឺធ្វើឡើងតាមរយៈការបង់រំលស់ថេរប្រចាំខែ (EMI)។ ចំនួនថេរមួយនេះ អ្នកត្រូវបង់អោយម្ចាស់បំណុលជារៀងរាល់ខែ រហូតដល់អ្នកសងបំណុលផ្ទះទាំងស្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនប្រាក់បង់ថេរប្រចាំខែ (EMI)និមួយៗ ត្រូវបានបង្កើតឡើងដោយចំនួនការប្រាក់ បូកជាមួយប្រាក់ដើម។ វាជារឿងងាយក្នុងការគណនា ចំនួនបង់រំលស់ថេរប្រចាំខែ (EMI) សម្រាប់ឥណទានលំនៅដ្ឋាន។

ប្រសិនបើអ្នកកំពុងឆ្ងល់ពីរបៀប ដើម្បីគណនាចំនួនបង់រំលស់ថេរប្រចាំខែសម្រាប់កម្ចីទិញផ្ទះ (EMI) អ្នកអាចចូលទៅកាន់វេបសាយ របស់ស្ថាបន័ហិរញ្ញវត្ថុទាំងនោះ ដើម្បីគណនាមើល។ នេះគឺជាព័ត៌មានដែលអ្នកត្រូវបញ្ចូលក្នុងការគណនា ចំនួនប្រាក់បង់ថេរប្រចាំខែ(EMI)៖

– ចំនួនប្រាក់កម្ចីរបស់អ្នក
– រយ:ពេលនៃការបង់សងកម្ចី
– អត្រាការប្រាក់

ផ្អែកលើប៉ារ៉ាម៉ែត្រទាំងបីនេះ យើងអាចគណនាចំនួនទឹកប្រាក់ថេរ ដែលអ្នកត្រូវបង់អោយស្ថាប័នហិរញ្ញវត្ថុជារៀងរាល់ខែ។ ការគណនា (EMI) នៃគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន ក៏បានបង្ហាញពីអត្រាការប្រាក់ដែលត្រូវទទួលបាន ក្នុងរយ:ពេលណាមួយដែលអ្នកបានកម្រិតផងដែរ។

នេះជាឧទាហរណ៍អំពីរបៀបដែល (EMI) គណនា។ឧទាហរណ៍ថាអ្នកបានខ្ចីប្រាក់ដើម្បីកែលម្អគេហដ្ឋានរបស់អ្នក៖ ១០,០០០ ដុល្លារ សម្រាប់ការបង់សងរយៈពេល ២០ ឆ្នាំដោយការប្រាក់១,៥ភាគរយ។ (EMI) របស់អ្នកនឹងមានចំនួន១៥៥ដុល្លារ ដែលរួមបញ្ចូលទាំងការប្រាក់ និងប្រាក់ដើម។ ការបង់នេះ អ្នកនឹងបង់ការប្រាក់រាងច្រើនបន្តិចនៅឆ្នាំដំបូង ហើយកាន់តែតិចទៅៗនៅឆ្នាំចុងក្រោយ។

ផ្ទុយគ្នាចំពោះប្រាក់ដើម ដែលអ្នកត្រូវបង់តិចតួចនៅឆ្នាំដំបូង និងកាន់តែច្រើនទៅនៅឆ្នាំចុងក្រោយ ។

ការបង់រំលោះប្រចាំខែថេរ (EMI) មានប្រយោជន៍ក្នុងការរៀបចំផែនការលំហូរសាច់ប្រាក់របស់អ្នក ដូច្នេះអ្នកធ្វើការទូទាត់ប្រា ក់កម្ចីទិញផ្ទះដោយងាយស្រួល។ និយាយម៉្យាងទៀត (EMI) គឺជាឧបករណ៍មានប្រយោជន៍ សម្រាប់ផែនការហិរញ្ញវត្ថុ និងនៅពេលអ្នកមានតម្រូវការកម្ចី។

អ្នកគប្បីកំណត់ចំនួនប្រាក់បង់សងប្រចាំខែ អោយនៅចន្លោះពី៥០% -៦៥% នៃប្រាក់ចំណូលប្រចាំខែសុទ្ធរបស់អ្នក។ អ្នកអាចប្រើម៉ាស៊ីនគិតលេខ ដើម្បីគណនាចំនួនប្រាក់ចំណូលដែលអ្នកត្រូវមាន ដើម្បីអាចបង់សងប្រាក់កម្ចីបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here