ដោយៈសុផារី
ភ្នំពេញៈ ពន្ធនេះជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សរ៍ ដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការ បំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គលនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សប្រភពបរទេស។
រូបវន្តអនិវាសនជន ត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះ ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធ លើប្រាក់បៀវត្សនៅមុនពេល បើកប្រាក់បៀវត្សឱ្យដល់និយោជិត និងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី១៥នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។
ពន្ធលើប្រាក់បៀវត្សរ៍ ត្រូវបានកាត់ទុកតាមអត្រា២០ភាគរយ នៃទឹកប្រាក់ត្រូវបើកឱ្យមុនការកាត់ទុក។ ពន្ធកាត់ទុកនេះ គឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សរ៍ សម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។
ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធតាមអត្រា២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែល បានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់៕