ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាបានកើនឡើងដល់ចំនួន៣៩ហើយ

ដោយៈ សុផារី

ភ្នំពេញៈ ចំនួនក្រុមហ៊ុនធានារ៉ាប់រងបានកើនឡើងចំនួន៣៩ក្រុមហ៊ុន បន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដែលទាក់ទាញអំណាចនៃការទិញកើនឡើង។

ក្នុងចំណោមក្នុងក្រុមទាំនោះ មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ក្រុមហ៊ុនជើងសារធានាររ៉ាប់រងចំនួន១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន២៦ ដែលក្នុងនោះមានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២១ ជាភ្នាក់ងារធានារ៉ាប់រង ហៅថាប៊េងកាសួរេន និងបុគ្គលភា្នក់ងារធានារ៉ាប់រងចំនួនជាង ៥,០០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៊ូ ច័ន្ធភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅក្នុងសិក្ខាសាលា តាមរយៈប្រព័ន្ធអនឡាញនាពេលថ្មីៗនេះស្តីពី “អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាធានារ៉ាប់រង” ដែលសហការរៀបចំសមាគមធនាគារនៅកម្ពុជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជាក្នុងគោ បំណងលើកកម្ពស់ការយល់ដឹងពីតួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីចែករំលែកនូវបទពិសោធន៍ ព្រមទាំងការងារជាក់ស្តែង ទៅលើវិស័យធានារ៉ាប់រងនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

លោកបន្តថា “វិស័យធានារ៉ាប់រង គឺជាសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននឹងកំពុងដើរតួនាទី ជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងវិស័យសេដ្ឋកិច្ច”។ លោកបានបន្តថា “បើទោះបីជាវិបត្តិកូវីដ-១៩ នៅបន្តរាតត្បាតក្នុងសកលលោក ដែលធ្វើឲ្យប៉ះពាល់ដល់កំណើនសដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តការរីកចម្រើនដោយរក្សាកំណើនវិជ្ជមានប្រមាណ៨ភាគរយ ក្នុងឆ្នាំ២០២០ និងព្យាករណ៍ថា នឹងកើនឡើងប្រមាណ១០ភាគរយក្នុងឆ្នាំ២០២១”។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ដើម្បីជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុកម្ពុជា យុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ដោយកំណត់នូវផែនការសកម្ម​ភាពចំនួន១១៥ ហើយក្នុងនោះ មានផែនការសកម្មភាពចំនួន២៣ ដែលត្រូវបានកំណត់ដើម្បីគាំទ្រដល់វិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈសកម្មភាពអាទិភាពចំនួន៤ រួមមានទី១ ការបង្កើនការយល់ដឹង ពីការធានារ៉ាប់រងជាសាធារណៈ និងកិច្ចគាំពារអតិថិជន ទី២ ការបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រង និងបង្កើនបណ្តាញចែកចាយផលិតផលធានារ៉ាប់រង ទី៣ ការបង្កើតប្រភេទផលិតផលធានារ៉ាប់រង និងការធានារ៉ាប់រងកាតព្វកិច្ច និង ទី៤ ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីជំរុញលទ្ធភាពទទួលបានសេវាធានារ៉ាប់រង។

លោកបានបន្តថា គិតត្រឹមខែកញ្ញាឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន០១ ផ្តល់សេវាប៊េងកាសួរេនតាមរយៈ ម៉ូលឌែលភ្នាក់ងារ។ ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកបអាជីវកម្មប៊េងកាសួរេន បានបង្កើនភាពងាយស្រួលដល់សាធារណជន ក្នុងការទទួលបានសេវាធានារ៉ាប់រង ដូចជា សេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអាយុជីវីត និងសេវាធានារ៉ាបរងខ្នាតតូចដទៃទៀត តាមរយៈបណ្តាញចែកចាយ នៅតាមសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមាននៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here