ដោយៈ សុផារី
ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន១២ជំពូក និង៤២មាត្រា បង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈ
១. បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឲ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចអាចធ្វើពិពិធកម្ម និងធន់ទៅនឹងវិបត្តិក្នុងតំបន់និងសាកលលោក។
២. ការធ្វើទំនើបកម្ម ការបង្កើតផលិតភាពនៅក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្នុងតំបន់និងសាកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងនិងចំណេះធ្វើ។
៣. ការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម សេដ្ឋកិច្ច។
៤. ការផ្ដល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនិងផលប្រយោជន៍ជាតិ៕