ដោយៈ សុផារី
អាមេរិកៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារការកើនឡើង ការរាតត្បតជំងឺកូវីដ-១៩ ប្រភេទដែលតា កើនឡើងនៅក្នុងករណីមួយចំនួននៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន CNBC។
ភ្នាក់ងារព័ត៌មាន CNBC បានរាយការណ៍ថា IMF បានរំពឹងថា សេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើង៦,៥ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះ១,១ពិន្ទុភាគរយធៀបនឹងការព្យាករ ដែលចេញផ្សាយក្នុងរបាយការណ៍ស្តីពី ចក្ខុវិស័យសេដ្ឋកិច្ចកាលពីខែមេសា ប៉ុន្តែជាមួយនឹងកំណើននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាតំបន់ ដែលមានកំណើនខ្ពស់ជាងគេក្នុងពិភពលោកដដែល។
មូលនិធិ IMF បានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់តំបន់នេះ ក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថាអាចកើនឡើង៤,៩ភាគរយ ដែលខ្ពស់ជាងការព្យាករកន្លងមក ០,៤ពិន្ទុ។
លោក Krishna Srinivasan អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានមានប្រសាសន៍ថា“ ខ្ញុំអាចនិយាយបានថា ការចាក់វ៉ាក់សាំង គឺជាបន្ទាត់បែងចែក រវាងសេដ្ឋកិច្ចជឿនលឿននៅអាស៊ី និងប្រទេសកំពុងអភិវឌ្ឍកំពុងដំណើរការ” ។
CNBC បានរាយការណ៍ទៀតថា ការទម្លាក់ព្យាករណ៍ ភាគច្រើនគឺដោយសារការថមថយកំណើនសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌា ដែលឥឡូវត្រូវបានព្យាករថា នឹងកើនឡើង ៩,៥ភាគរយនៅឆ្នាំនេះ និងតំបន់អាស៊ីអាគ្នេយ៍ ដែលវីរុសកូវីដ-១៩ បន្តវាយប្រហារ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសជប៉ុន ត្រូវបានទម្លាក់មកនៅត្រឹម ២,៤ភាគរយ ហើយអូស្រ្តាលីទម្លាក់មកនៅត្រឹម ៣,៥ភាគរយ ខណៈដែលចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់កូរ៉េខាងត្បូង ត្រូវបានដំឡើងដល់៤,៣ភាគរយ និងណូវែលសេឡង់ដំឡើងដល់ ៥,១ភាគរយ។
ការព្យាករសេដ្ឋកិច្ចរបស់ចិន ត្រូវបានទម្លាក់មកនៅត្រឹម៨ភាគរយ ធៀបនឹង ៨,៤ភាគរយដែលព្យាករកន្លងមក ដោសារការផ្ទុះជំងឺវីរុសដែលកំពុងបន្តកើតមាន ការរឹតបន្តឹងគោលនយោបាយសារពើពន្ធ និងបញ្ហានៅក្នុងវិស័អចលនទ្រព្យ៕