ដោយៈ លក្ខិណា
ភ្នំពេញៈ អ្នកជំនាញបានរំពឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជាអាចកើនឡើងក្នុងរង្វង់១០ភាគរយក្នុងឆ្នាំ២០២១នេះ ។ នេះបើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាថ្លែង នៅក្នុងសិក្ខាសាលាមួយកាលពីព្រឹកថ្ងៃទី២០ តុលា២០២១នេះ។
លោកមានប្រសាសន៍ថា ទោះបីជាវិត្តិកូវីដ១៩ នៅបន្តរាតត្បាតក្នុងសកលលោក ដែលធ្វើឱ្យប៉ះពាល់ដល់កំនើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជា នៅតែបន្តរីកចម្រើនដោយរក្សាកំណើនវិជ្ជមាន ប្រមាណ៨ភាគរយក្នុងឆ្នាំ២០២០ និងព្យាករថានឹងកើនឡើងប្រមាណ១០ភាគរយក្នុងឆ្នាំ២០២១។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៩ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៦ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន២៦ ដែលក្នុងនោះមានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២១ ជាភ្នាក់ងារធានារ៉ាប់រងហៅថាប៊េងកាសួរ៉េន និងបុគ្គលភ្នាក់ងារធានារ៉ាប់រងចំនួនជាង៥០០០នាក់។
លោកប៊ូ ច័ន្ទភីរ៉ូបានបន្តថា ទោះជាមានការរីកចម្រើនយ៉ាងនេះក្ដី ប្រសិនបើយើងពិនិត្យមើល អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា មានប្រមាណតែ១,០៤ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងមានតែ១៧,២៦ដុល្លារក្នុងម្នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ គឺមានកម្រិតទាបនៅឡើយធៀបនឹងតំបន់។
លោកបន្តថា ជាការឆ្លើយតប ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពរាជរដ្ឋាភិបាល បានបង្កើតនិយ័តករធានារ៉ាប់រងកម្ពុជា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលជាស្ថាប័នឯករាជ្យក្នុងការបំពេញតួនាទីគ្រប់គ្រង និងត្រួតពិនិត្យវិស័យធានារ៉ាប់រងកម្ពុជា តាមរយៈច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារកាលពីពាក់កណ្ដាល ខែមករាឆ្នាំ២០២១។
លោកគា បូរាណប្រធានក្រុមប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បានរំលឹកយើងឡើងវិញអំពីសារៈសំខាន់ នៃការថែទាំសុខភាព ក៏ដូចជាការការពារខ្លួនពីហានិភ័យផ្សេងៗទៀត ដែលអាចកើតឡើងផងដែរ។ ផ្អែកតាមបទពិសោធន៍ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មូលហេតុចម្បងៗ ដែលធ្វើអោយអតិថិជនរបស់យើង ជួបប្រទះការក្ស័យធន និងវិបត្តិហិរញ្ញវត្ថុ គឺបណ្តាលមកពីបញ្ហាសុខភាព គ្រោះធម្មជាតិ ព្រមទាំងគ្រោះថ្នាក់ចៃដន្យផ្សេងៗ។
សមាគមីក្រូហិរញ្ញវត្ថុជឿជាក់ថា បញ្ហាប្រឈមទាំងនេះ អាចនឹងត្រូវកាត់បន្ថយបានក្នុងកម្រិតអប្បរិមាន ប្រសិនបើអតិថិជន ពិសេសអ្នកមានចំណូលទាប និងមធ្យម ប្រើប្រាស់សេវាធានារ៉ាប់រង សម្រាប់ការពារហានិភ័យទាំងនោះ។
លោកបន្តថា ការជំរុញលើកទឹកចិត្តអោយប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋតាមជនបទ អោយមានការយល់ដឹងអំពីសារៈសំខាន់នៃការការពារ ឫសេវាធានារ៉ាប់រង ពិតជានឹងចូលរួមចំនែក ក្នុងការបង្តើតអោយមានសំណាញ់ការពារសង្គម ក្នុងការកាត់បន្ថយហានិភ័យកំរិតបុគ្គល និងក្រុមគ្រួសារ៕