ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS)ប្រទេសចិន បានរួមគ្នាចុះហត្ថលេខាលើកិច្ចសន្យាសេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី១៨តុលា២០២១ក្រោមវត្តមានរបស់លោក អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
លោក អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានថ្លែងថា ការចុះហត្ថលេខានេះ ពិតជាមានភាពចាំបាច់ ចូលរួមដល់យុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចមួយថ្មី ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់កម្ពុជា នៅក្នុងបរិការណ៍នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលសេដ្ឋកិច្ចតំបន់ និងពិភពលោក។
លោក បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានទៅជាក្បាលម៉ាស៊ីនមួយថ្មី សំរាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។
លោក ស៊ីម៉ា ស៊ាវ (Mr. Sima Xiao) ប្រធានវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវឱកាសថ្មីសំរាប់ការអភិវឌ្ឍប្រទេសនីមួយៗក្នុងតំបន់ ដោយលោកមានជំនឿចិត្ត ចំពោះសេដ្ឋកិច្ច ក៏ដូចជាទីផ្សារនៅអាស៊ីអាគ្នេយ៍ ដែលមានប្រទេសកម្ពុជា។
លោក សង្ឃឹមថា ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមរបស់ភាគីនីមួយៗ ខេត្តព្រះសីហនុ និងអាចបញ្ចប់នូវបេសកម្មគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥ ២០២៥ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ ជាមជ្ឈមណ្ឌលនុវានុវត្តឧស្សាហកម្ម និង ឡូជីស្ទីក នៅអាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ទេសចរណ៍ឆ្នេរសមុទ្ទពិភពលោក ចូលរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញដល់ដំណើរការធ្វើឱ្យប្រទេសកម្ពុជា សម្រេចនូវគោលដៅ អភិវឌ្ឍន៍ជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបង្កើនសក្តានុពលសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវ គោលនយោបាយ ប្រែក្លាយខេត្តព្រះសីហនុ ដែលជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រសំខាន់ជាងគេរបស់ ប្រទេស ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្លើយតបទៅការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។
អ្នកជំនាញអចលនទ្រព្យមើលឃើញថាខេត្តព្រះសីហនុនៅតែជាគោលដៅវិនិយោគរបស់វិនិយោគិនជនជាតិចិន ហើយខេត្តនេះនឹងក្លាយជាបណ្ដុំសហគមន៍វិនិយោគិនជនជាតិចិនដ៏សំខាន់នៅពេលឆាប់ៗខាងមុខនេះ ៕







