ដោយ៖ សុផារី
ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១ លានដុល្លារ គឺសម្រេចបាន ៧១.៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%។
នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស។
បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ២,៦១៧.៨ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៨.០%នៃចំណូលសរុប) អាករពិសេសមាន ២,៥៧០.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៤%នៃចំណូលសរុប) ពន្ធនាំចូលមាន ១,២៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៨.១%នៃចំណូលសរុប) អាករបន្ថែមលើផលិតផលប្រេងមាន ៣១២.០ ប៊ីលានរៀល (ត្រូវជា ៤.៥%នៃចំណូលសរុប) និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១៣៧.២ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ២,៨៨២.០ ប៊ីលានរៀល គ្របដណ្តប់ ៤១.៩% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១,៩៤៨.២ ប៊ីលានរៀល ត្រូវជា ២៨.៣%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១,៦២០.៦ ប៊ីលានរៀល ស្មើនឹង ២៣.៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ៤៣០.៧ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប ៕







