កូរ៉េផ្ដល់ជំនួយជិត៧លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់វិស័យធនធានមនុស្ស

ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថាកយកា (KOICA ) រដ្ឋាភិបាលកូរ៉េខាងត្បូងផ្ដល់ហិរញ្ញប្បទានឥតសំណងនូវទឹកប្រាក់ចំនួន៦.៩លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍វិស្វកម្មបរិស្ថាននៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក Rho Hyunjun ប្រធានតំណាងកយការបានឱ្យដឹងថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះគឺដើម្បីពង្រឹងធនធានមនុស្សកម្រិតថ្នាក់ឧត្ដមសិក្សានៅកម្ពុជា។ តាមរយៈគម្រោងនេះ ទី១ កយកានឹងបង្កើតកម្មវិធីថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិស្វកម្មបរិស្ថាន ទី២ ពង្រឹងសមត្ថភាពសាស្ត្រាចារ្យចាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតនៅប្រទេសកូរ៉េ ទី៣ ពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់សាស្ត្រា ចារ្យនិងនិស្សិត និងទី៤ ធ្វើឱ្យប្រសើរឡើងនូវការគាំទ្រហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាល័យ រួមទាំងការគាំទ្រថ្នាក់រៀនវ័យឆ្លាត ដោយលោករំពឹងថា គម្រោងនេះនឹងជួយគាំទ្របំពេញបាននូវធនធានមនុស្សផ្នែកវិស្វកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងភាគីកម្ពុជាលើការចុះកិច្ចព្រមព្រៀងនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលបានបន្តគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា។ លោកជឿជាក់ថាជំនួយនេះនឹងក្លាយជាចំណុចចាប់ផ្ដើមថ្មីមួយទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈទីភ្នាក់ងារនេះដែរកូរ៉េក៏បានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាជាច្រើនមកដែរដូចជាការផ្ដោតទៅលើការអភិវឌ្ឍជនបទ ទៅលើចំណេះដឹងរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ និងទៅលើវិស័យអប់រំកុមារតូចៗជាដើម ។ មិនតែប៉ុន្តែកូរ៉េក៏បានផ្ដល់ជំនួយសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅប្រទេសកម្ពុជាជាច្រើនផងដែរនាពេលកន្លងមក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here