ភ្នំពេញ ៖ នៅក្នុងវិបត្តិកូវីដ១៩បានបង្កផលប៉ះពាល់ដល់វិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះការលក់រាយគ្រឿងអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ក៏ឃើញថាមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ផងដែរនៅក្នុងវិបត្តិកូវីដ១៩នេះ ។
លោកឧកញ៉ាសុខ ពិសិដ្ឋអគ្គនាយកក្រុមហ៊ុនជីហ្គៀអេឡិចត្រូនិកដែលនាំចូលនិងចែកចាយគ្រឿងអេឡិចត្រូនិកម៉ាកអិលជីមកកាន់ប្រទេសកម្ពុជាបានឱ្យដឹងនៅក្នុងវេទិកាមួយកាលពីរសៀលថ្ងៃទី១៤តុលា២០២១នេះថា នៅក្នុងវិបត្តិកូវីដ១៩នេះមនុស្សម្នាក់ៗមិនសូវចេញដើរក្រៅផ្ទះនោះទេ ដោយសារតែខ្លាចនឹងជំងឺកូវីដ១៩ហើយម្នាក់ៗពិតជាគិតថាការដែលមនុស្សមិនសូវចេញក្រៅផ្ទះបែបនេះតម្រូវការគ្រឿងអេឡិចត្រូនិកដូចជាទូរទស្សន៍ម៉ាស៊ីនត្រជាក់និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀតអាចនឹងមានតម្រូវការ ។ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែកូវីដ១៩ ពលរដ្ឋបាត់បង់ប្រាក់ចំណូល ធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយណាដែលមិនចាំបាច់និងចំណាយទៅលើតែរបស់ណាដែលចាំបាច់ប៉ុណ្ណោះ ។
លោកឧកញ៉ាបន្តថានៅក្នុងវិបត្តិកូវីដ១៩នេះដែរ បន្ថែមពីលើការលក់ធ្លាក់ចុះហើយនោះបែរជាទំនិញមួយចំនួនបែរជាឡើងថ្លៃទៅវិញ ពីព្រោះថាការដឹកជញ្ជូនក៏បានឡើងថ្លៃវិស័យE-Commerce ក៏បានឡើងថ្លៃជាងធម្មតា គឺឡើងថ្លៃទាំងក្នុងស្រុកនិងក្រៅស្រុក ។
លោកស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានឱ្យដឹងផងដែរថានៅក្នុងបរិបទកូវីដ១៩នេះមិនមានអាជីវកម្មណាដែលថាមិនប៉ះពាល់នោះទេ គ្រាន់តែអាជីវកម្មខ្លះអាចរកដំណោះស្រាយចេញបាន ហើយអាជីវកម្មខ្លះនៅបន្តរងផលប៉ះពាល់ជាបន្តបន្ទាប់ទៀត ។
លោកបន្តថារហូតមកដល់ពេលនេះ បើសិនជាអាជីវកម្មទាំងអស់នៅតែបន្តប្រតិបត្តិការបែបលក្ខណបុរាណប្រហែលជាមិនអាចដំណើរការទៅមុខបានទៀតនោះទេ ពីព្រោះថាក្នុងបរិបទនេះអាជីវកម្មត្រូវតែមានការផ្លាស់ប្តូរនិងត្រូវសម្របខ្លួនទៅតាមស្ថានភាពនៃវិបត្តិនេះដូចដែលប្រមុខរដ្ឋាភិបាលលោកបានលើកឡើងថា ត្រូវរស់នៅតាមបែបគន្លងថ្មី ៕







