រដ្ឋមន្រ្តីកសិកម្មស្នើ ADBជួយគាំទ្របន្តទៀតលើគម្រោងអភិវឌ្ឍក្នុងវិស័យ កសិកម្មនៅកម្ពុជា

         ដោយៈគង់ ម៉ាលីន

         ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះបានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ជួយដល់​កម្ពុជាលើគំរោងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ក្នុងជំនួបជំរាលលា បន្ទាប់ពីចប់អាណត្តិការងារនៅកម្ពុជាលោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា លោកវេង សាខុនបានសម្តែងនូវអំណរគុណជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ដែលបានយកចិត្តទុកដាក់ជួយគាំទ្រគម្រោងជាច្រើននៅក្នុងវិស័យកសិកម្ម ជាពិសេសក្រោមការដឹកនាំរបស់លោកស្រីនាយក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ជាក់ស្តែងនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ផលិតកម្មកសិកម្ម ក៏ដូចជា ការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន និងបានចូលរួមសម្រាលនូវការរងផលប៉ះពាល់ ពីសម្ពាធនៃជំងឺកូវីដ។

លោករដ្ឋមន្រ្តីបានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិ​វឌ្ឍ ក្នុងវិស័យកសិកម្មបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្ម។

លោកវេង សាខុនបានបន្តថា ក្រសួងកសិកម្ម កំពុងគិតគូរពីការជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្មផងដែរ។

លោកស្រី Sunniya Durrani-Jamal បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយខាងធនាគារក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យកសិកម្ម។ លោកស្រីបានបន្ថែមថា វិស័យកសិកម្មនៅកម្ពុជាមានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ចផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here