ជាសហហគ្រិនជោគជ័យមួយរូប ទាមទារអោយមានលក្ខណៈពិសេសអ្វីខ្លះ?

ដោយៈលក្ខិណា

ភ្នំពេញៈ ភាពជាសហគ្រិន គឺសំដៅទៅលើការច្នៃប្រតិដ្ឋនូវគំនិតថ្មីៗ ដើម្បីបង្កើតឱ្យ​បានជារូបភាព និងសកម្មភាព សម្រាប់ធ្វើការអនុវត្តបង្កើតនូវសមិទ្ធផលណាមួយ ដែលថ្មីខុសប្លែកពីគេ និងអាចបម្រើនូវសេចក្ដីត្រូវការរបស់មនុស្ស។

នៅក្នុងនោះ ការដែលក្លាយជាសហគ្រិនដ៏ឆ្នើម និងជោគជ័យម្នាក់ ជាបំណងប្រាថ្នារបស់សហគ្រិនគ្រប់រូប ហើយគ្រប់គ្នា ក៏សុទ្ធតែអាចមានឱកាស នៅក្នុងការសម្រេចវាបានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្ងៃនេះ យើងនឹងលើកយកនូវចំនុចមួយចំនួន សម្រាប់ត្រៀមខ្លួនជាសហគ្រិនដែលមានលក្ខណៈគ្រប់គ្រាន់៖

១. បង្កើតភាពជាខ្លួនឯង
ចំពោះសហគ្រិន កត្តាសំខាន់បំផុត គឺបង្កើតនូវអ្វីមួយខុសប្លែកពីអ្នកដទៃ ដែលវាកើតឡើងពីការស្រមើស្រម៉ៃ និងការព្យាយាមសម្រេចឲ្យបាន នូវលទ្ធផលឲ្យចេញជារូបរាងរបស់ពួកគេ ដើម្បីបង្ហាញពីអត្តសញ្ញាណពិសេសមួយ ដែលអ្នកផ្សេងមិនអាចធ្វើបាន។ តួយ៉ាងដូចលោក Steve Jobs បានផលិតនូវទូរសព្ទម៉ាកអេបផល ដែលមានលក្ខណៈពិសេសខុសគេទាំងរូបរាង និងគុណភាព រហូតធ្វើឱ្យអ្នកប្រើប្រាស់សឹងតែទាំងអស់ស្គាល់ពីឈ្មោះរបស់ Steve Jobs។

២. មានគោលដៅច្បាស់លាស់
ចំណុចខ្លាំង និងសំខាន់បំផុតរបស់សហគ្រិនជោគជ័យ ជាមនុស្សដែលមានគោលដៅ ទស្សនវិស័យ ច្បាស់នៅក្នុងការធ្វើអ្វីមួយ ឬបំពេញបេសកម្មណាមួយ ដែលនឹងផ្ដល់នូវលទ្ធផលល្អ សម្រាប់ដើរឆ្ពោះទៅកាន់គោលដៅរបស់ពួកគេ។ ហេតុនេះហើយ ទើបបុគ្គលទាំងអស់ មិនដែលមានភាពភ័យខ្លាច ឬគេចវេសពីឧបសគ្គណាមួយឡើយ ដោយពួកគេនឹងធ្វើការប្រឈមមុខជាមួយបញ្ហា និងព្យាយាមដោះស្រាយរហូតបានសម្រេច។

៣. យល់ពីស្ថានការណ៍ និងមានភាពបត់បែន
ចំណុចពិសេសរបស់សហគ្រិន ដែលជោគជ័យគឺពួកគេ មានភាពរហ័សរហួន និងអាចបត់បែនទៅតាមស្ថានការណ៍ និងចាប់ឱកាសរៀនសូត្រ ពីឧបសគ្គគ្រប់យ៉ាង ដែលពួកគេជួបប្រទះ រួចច្នៃស្ថានការណ៍មិនល្អទាំងនោះ ឲ្យទៅជាឱកាសនៅក្នុងការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ និងពង្រឹងអាជីវកម្មរបស់ពួកគេផងដែរ។

៤. ពូកែគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញវត្ថុ
ការធ្វើអាជីវកម្ម ឬការរកស៊ីដូចជាការធ្វើដំណើរលើផ្លូវវែងឆ្ងាយ ចំណែកឯហិរញ្ញវត្ថុប្រៀបដូចជាអាហារ ប្រសិនបើអ្នកមានការគ្រប់គ្រង និងប្រើប្រាស់វាមិនបានល្អទេ នោះអ្នកនឹងជួបបញ្ហាខ្វះខាតនៅកណ្ដាលទីជាក់ជាមិនខាន។ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ជាអាហារទ្រទ្រង់អាជីវកម្មបែបនេះហើយ ទើបសហគ្រិនទាំងអស់ត្រូវមានភាពហ្មត់ចត់ និងប្រុងប្រយ័ត្នខ្ពស់នៅក្នុងការប្រើប្រាស់វា។

មួយវិញទៀត ពួកគេក៏មិនបានពឹងផ្អែក ទៅលើប្រភពចំណូលតែមួយនោះដែរ គឺពួកគេនឹងព្យាយាមពង្រីក ប្រភពចំណូលឲ្យបានលើសពីមួយប្រភព ដើម្បីធានាថានឹងមិនមានបញ្ហាចោទសំខាន់ពេលប្រភពណាមួយជួបបញ្ហា។

៥. បង្កើតជាសមិទ្ធផលសម្រាប់សង្គម
នៅក្នុងសម័យបច្ចុប្បន្ន ប្រសិនបើអ្នកចង់បង្កើតអ្វីមួយដែលថ្មីខុសពីគេ អ្នកត្រូវតែប្រាកដថា ផលិតផលរបស់អ្នកអាចផ្ដល់នូវអត្ថប្រយោជន៍ច្រើន ដល់សង្គមទាំងមូល ឬ មួយផ្នែកនៃសង្គម នោះទើបមានការទាក់ទាញចំណាប់អារម្មណ៍មហាជន។ តួយ៉ាងដូចលោក Elon Musk ដែលបានព្យាយាមផលិតនូវឡានអគ្គិសនីអស់ជាង១០ឆ្នាំ ដើម្បីជួយកាត់បន្ថយការបំពុលខ្យល់ និងបរិយាកាសដោយសាការប្រើប្រាស់ នូវចំហេះឥន្ធនៈនោះ ទើបអាចសម្រេចបាននូវលទ្ធផលដូចសព្វថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here