ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលនេះវិបត្តិកូវីដ១៩អាជីវកម្មអនឡាញ ចាប់ផ្ដើមមានសន្ទុះកាន់តែខ្លាំង ទន្ទឹមនឹងនោះដែរ អាជីវកម្មផ្ទាល់ នៅតែមានតម្រូវការនិងទោះក្នុងវិបត្តិយ៉ាងណាក្ដី។
ថ្ងៃនេះយើងនឹងលើកយកពីគុណសម្បត្តិ និងគុណវិបត្តិនៃអាជីវកម្មទាំងពីរបែបនេះ មកចែកជូនទុកជាគន្លឹះសម្រាប់ការចាប់ផ្ដើមអាជីវកម្ម។
សម្រាប់អាជីវកម្មអនឡាញ ( Online )
អាជីវកម្មតាមអនឡាញ គឺជាការជួញដូរទំនិញ ឬសេវាកម្ម តាមរយៈការប្រាស្រ័យទាក់ទងរវាងអតិថិជន និងអ្នកលក់ដោយប្រព័ន្ធទីផ្សារបែបឌីជីថល ឬបណ្ដាញសង្គមដែលកំពុងមានប្រជាប្រិយភាពដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម និងគេហទំព័រអនឡាញមួយចំនួនទៀត។
គុណសម្បត្តិ
– ចំណាយតិច ពិសេសការធ្វើទីផ្សារ ដើម្បីទាក់ទងអតិថិជនក្នុងការលក់ទំនិញ ឬសេវាកម្ម។
– អាចធ្វើឲ្យទទួលបានអតិថិជនច្រើន ព្រោះប្រជាពលរដ្ឋភាគច្រើន កំពុងតែនិយមប្រើប្រាស់បណ្ដាញសង្គមនេះ និងនិយមទិញទំនិញតាមអនឡាញផងដែរ (មិនថាអ្នកនៅតាមបណ្ដាខេត្ត ឬទីក្រុងទេ)។
– មិនចាំបាច់ព្រួយបារម្ភអង្គុយចាំ មើលផ្លូវអតិថិជន អាចនឹងឆ្លងកាត់ហាងរបស់អ្នកឬអត់នោះទេ។
– ឱកាសនៃការលក់ចេញអាចនឹងមានច្រើន ប្រសិនបើអ្នកដឹងច្បាស់ពីការផ្សព្វផ្សាយផលិតផល ការរក្សាទំនាក់ទំនងជាមួយអតិថិជន និងការរចនាផុស រូបភាព និងវីដេអូដែលមានភាពទាក់ទាញ។
– អ្នកមិនចាំបាច់មានតូប និងអាចឆ្លើយតបជាមួយអតិថិជនពេលណា និងនៅទីណាក៏បាន។
គុណវិបត្តិ
– អតិថិជនមួយចំនួននិយមការមកមើលផលិតផលផ្ទាល់ ជាជាងការមើលតាមអនឡាញ ដើម្បីដឹងពីគុណភាពទំនិញកាន់តែច្បាស់ ដែលនេះអាចឲ្យលទ្ធភាព នៃការលក់អនឡាញមានការថយចុះ។
– ប្រឈមនឹងការខាតបង់ ដូចជាពេលមានការកម្ម៉ង់ចោល ហើយមិនយក នេះជាករណីដែលយើងឧស្សាហ៍ឃើញ អាជីវករអនឡាញមួយចំនួនបានផុសពីរឿងនេះ។
– ទំនិញ ឬសេវាកម្មខ្លះ មិនអាចលក់តាមរយ:អនឡាញនេះទេ ឧទាហរណ៍ ឡាន ម៉ូតូ សាឡនជាដើម។
– ពឹងផ្អែកទាំងស្រុងលើប្រព័ន្ធឌីជីថល និងបណ្ដាញសង្គមទាំងនោះ។
សម្រាប់អាជីវកម្មបែបផ្ទាល់ (Physical)
អាជីវកម្មបែបនេះ ជាការដំណើរការជួញដូរទំនិញ ឬសេវាកម្មតាមគន្លងចាស់ ដោយការជួបផ្ទាល់រវាងអតិថិជន និងអ្នកលក់ក្នុងសកម្មភាពទិញលក់នានា តាមហាង ឬតូបជាដើម។
គុណសម្បត្តិ
– មានទីកន្លែងជាក់លាក់ដែលអាចឲ្យអតិថិជន មកមើលដោយផ្ទាល់ និងងាយស្រួលសម្រេចចិត្ត ដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់ម៉ូយ ឬអាចទាក់ទាញអតិថិជនបានច្រើន ព្រោះអ្នកខ្លះនិយមពិនិត្យគុណភាព មុននឹងសម្រេចចិត្តទិញ។
– អាចលក់ទំនិញបានគ្រប់ប្រភេទ
– អាចបង្កើតទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយអតិថិជនដោយផ្ទាល់ ដែលអាចមានប្រយោជន៍ទាំងការរក្សាម៉ូយសម្រាប់អាជីវកម្ម និងបង្កើតបានមិត្តភក្តិក្នុងពេលតែមួយ។
– អតិថិជនមានទំនុកចិត្ត និងទិញដោយការពេញចិត្ត បន្ទាប់ពីមើលផលិតផលផ្ទាល់
គុណវិបត្តិ
– លទ្ធភាពនៃការទទួលបានអតិថិជន មានកំរិត អ្នកនៅទីណា ក៏មានតែអតិថិជនភាគច្រើនជាអ្នករស់នៅតំបន់នោះប៉ុណ្ណោះដែលអាចទិញ។
– ត្រូវការអ្នកនៅប្រចាំការនៅហាង ឬតូប មិនសេរីដូចអាជីវកម្មអនឡាញទេ។
– ចំណាយច្រើនក្នុងការទិញ ឬជួលតូប ហាង វត្ថុធាតុដើម និងការធ្វើទីផ្សារជាដើម។
– ត្រូវចំណាយពេលវេលាច្រើន និងការខិតខំខ្ពស់ទម្រាំលក់ចេញអ្វីមួយ ឬពេលខ្លះអតិថិជនមិនសម្រេចចិត្តទិញក៏ថាបាន៕