ដោយៈលក្ខិណា
ភ្នំពេញៈ ពាក្យចាស់លោកពោលថា គិតមុនសឹមគូរ ដែលសំដៅលើមុននឹងចាប់ផ្ដើមធ្វើអ្វីមួយត្រូវគិតជាមុនសិន ។វាមិនខុសនោះទេ នៅពេលមុនចាប់ផ្ដើមធ្វើអាជីវកម្មអ្វីមួយក៏ត្រូវគិតឱ្យបានម៉ត់ចត់សិនចាំអនុវត្តន៍វាប្រសើរជាងមិនបានគិតហើយចាប់ផ្ដើមធ្វើតែម្ដង។
ថ្ងៃនេះយើងនឹងលើកយកចំណេះដឹង សម្រាប់ពិចារណាចំនួន៧ចំណុច មុននឹងចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង។
១. សម្រេចចិតឱ្យច្បាស់ថា ខ្លួនពិតជាចង់និងដាក់ចិត្តរកស៊ី
ចំណុចនេះ ជាចំណុចដែលមនុស្សជាច្រើនមើលរំលង។ ការរកស៊ីមិនដូចការធ្វើការទេ។ ធ្វើការ បើអ្នកធ្វើហើយលែងស្រលាញ់ការងារនេះ អ្នកអាចដាក់ពាក្យឈប់ហើយរកការងារធ្វើថ្មីបាន។ តែការរកស៊ី បើអ្នករកស៊ីលើមុខរបរអ្វីហើយ អ្នកត្រូវតែតស៊ូជាមួយវា គ្មានសៅរ៍-អាទិត្យទេ បើចង់ឱ្យវាជោគជ័យ។
អ្នកមិនអាចគិតថា ខ្ញុំចូលចិត្តធ្វើម្ហូប ចង់លក់ម្ហូប តែដល់ពេលលក់ម្ហូបជាក់ស្តែង វាពិបាកហត់ខ្លាំង ស្អែកចង់ឈប់លក់វិញ មិនបាននោះទេ។ ពេលរកស៊ីអ្វីមួយ អ្នកបានចំណាយដើមទុនលើវា ហេតុនេះ បើចង់ដកថយចេញពីវា វាទាមទារឱ្យមានដំណាក់កាលជាច្រើន និងមិនមែនជាការងាយស្រួលនោះទេ។
២.ជ្រើសរើសប្រភេទអាជីវកម្មដែលអ្នកចង់ធ្វើ
ទិញហ្រ្វេនឆាយគេ ឬបើកខ្លួនឯង? អាជីវកម្មបែបសេវាកម្ម ឬផលិតកម្ម? បើកអាជីវកម្មផ្ទាល់ ឬ តាមអនឡាញ ឬលាយគ្នា? ផ្គត់ផ្គង់ទៅអតិថន ឬ ផ្គត់ផ្គង់ទៅអាជីវកម្មផ្សេង ? មានប្រភេទអាជីវកម្ម ដែលអ្នកអាចជ្រើសរើសបានច្រើនណាស់ ដែលរាល់ប្រភេទនីមួយៗសុទ្ធតែ មានផលវិបាកនិងផលល្អរបស់វា។ អ្នកគួរកំណត់ឱ្យច្បាស់ពីតំបូងតាមចំណង់ចំណូលចិត្តខ្លួនឯង និង ស្ថានភាពទីផ្សារ ព្រមទាំងសមត្ថភាពរបស់អ្នកផងដែរ។
៣.ធ្វើការស្រាវជ្រាវ
រឿងសំខាន់មួយ ដែលអ្នកត្រូវដឹងពេលដែលអ្នកចាប់ផ្តើម អាជីវកម្មដោយខ្លួនឯងគឺ ការរកស៊ីមិនមែនជាការប្រណាំងគ្នា អ្នកណាដល់ទីមុន ឬ ចាប់ផ្តើមមុនឈ្នះនោះទេ។ អ្នកដែលបង្ខំពេក នឹងជួបបញ្ហាទៅថ្ងៃក្រោយពេលចេញរកស៊ី ដែលបញ្ហាទាំងនោះធ្ងន់ជាងអ្នកដែលសន្សឹមៗទៅទៀត។ ជម្រើសដែលល្អគឺអ្នកចំណាយពេល មកសិក្សាពីគំនិតរបស់អ្នកសិន។
៤.សរសេរគម្រោងអាជីវកម្ម
តើវាចាំបាច់ទេក្នុងការសរសេរគម្រោង បើយើងរកតែម្នាក់ឯងហ្នឹងតើសរសេរគម្រោងឱ្យអ្នកណាមើល ? តាមពិតការសរសេរគម្រោង គឺជារឿងចាំបាច់ណាស់ ដោសយារតែវានឹងបង្ខំឱ្យអ្នកឆ្លើយទៅនឹងសំនួរធំៗ ដែលអ្នកមិនត្រូវរំលង បើអ្នកចង់រកស៊ីបានជោគជ័យ ។ វាមិនបាច់វែងឆ្ងាយទេ អ្នកគ្រាន់តែបញ្ចូលនូវសំណួរដូចជា តើគោលដៅនៃអាជីវកម្មនេះជាអ្វី ? អតិថិជនជាអ្នកណា ? តើផលិតផលអ្វី សេវាកម្មរបស់យើងឆ្លើយតបទៅនឹងបញ្ហាអ្វី ? អ្នកណាខ្លះជាគូរប្រជែង?។
៥.ជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្ម
សូមកុំមើលងាយរចនាសម្ព័ន្ធឱ្យសោះ បើអ្នកចង់ជោគជ័យ ពីព្រោះបើអ្នកចង់ចែកហ៊ុនគ្នា អ្នកប្រហែលជាត្រូវធ្វើរឿងច្រើនទៀត ដូចជាបញ្ចុះបញ្ចូលគេ គិតគូរពីរបៀបចែកប្រាក់ចំណេញនិងប្រាក់ខាត ។ល។
៦.បង្កើតក្រុមការងារ
បើអ្នករកស៊ីតូចតាច អ្នកក៏នៅត្រូវការអ្នកដឹកជញ្ជូន ឬអ្នករៀបអីវ៉ាន់ជាដើម ។ កុំចាំដល់ពេលមានអតិថិជនទើបឆ្លេឆ្លា គិតទុកឱ្យហើយទើបល្អ ។ ក្រុមការងារនេះ អាចជាក្រុមការងាររយៈពេលវែងឬបណ្ដោះអាសន្ន តែអ្នកក៏គួរដឹងមុនថាពេលដែលត្រូវការមនុស្ស ទៅរកអ្នកណាហើយចំណាយប៉ុន្មាន។
៧.រៀបចំដើមទុននិងបញ្ហាផ្លូវច្បាប់
បើអ្នកមានលុយស្រាប់វាពិតជាល្អណាស់ តែបើមិនមានទេ អ្នកអាចស្វែងរកដើមទុនដែលមានតម្លៃទាបពីប្រភពផ្សេងៗបាន ។ សម្រាប់ការស្វែងរកដើមទុនសូមអ្នកមើលអត្ថបទដែលយើងធ្លាប់បានផ្សាយរួចហើយ។ អ្នកគ្រាន់តែចាំថាទៅរកប្រភពដើមទុនដែលមានសុវត្ថិភាព ទុកចិត្តបាននិងតម្លៃសមរម្យ។
លើសពីនេះការចាប់ផ្ដើមអាជីវកម្ម ទាមទារក្រដាស់ស្នាមច្រើន លើកលែងតែអ្នកលក់អនឡាញ ។ ចូរអ្នកទៅជួបអ្នកពាក់ព័ន្ធ ដើម្បីដឹងថាតើអ្នកត្រូវការបំពេញឯកសារអ្វីខ្លះ និងលក្ខខណ្ឌអ្វីខ្លះ រួចធ្វើវាទៅតាមនោះ៕